សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យតាមដានតម្លៃប្រេងឥន្ធនៈ និងអំពាវនាវម្ចាស់ស្ថានីយប្រេងឥន្ធនៈ កុំដំឡើងថ្លៃ (Video inside)

06-03-2026 17:38

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល ព្រមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមដានឱ្យបានជាប់លាប់រឿងតម្លៃប្រេងឥន្ធនៈ។ ជាមួយនឹងការណែនាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈនានា កុំដំឡើងថ្លៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល ព្រមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមដានឱ្យបានជាប់ ទៅលើទិន្នន័យ និងការប្រែប្រួលប្រេង។ កិច្ចការនេះ ខ្ញុំបានប្រគល់កិច្ចការទៅ ឯកឧត្តម កែវ រតនៈ ធ្វើការពីដើមទី លោកជំទាវ ចម និម្មល ធ្វើការងារនេះ»។

បើតាមការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការតាមដានត្រូវធ្វើលើការពិនិត្យមើលបរិមាណប្រេង ដែលត្រូវគ្រប់គ្រងនៅក្នុងប្រទេស​ និងការគ្រប់គ្រងលើតម្លៃ ដោយមានស្ថានីយ៍ខ្លះដំឡើងតម្លៃប្រេងហើយ។

ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេងខ្នាតយក្ស និងពាណិជ្ជករជាច្រើនបានផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន ក្រោយអ៉ីរ៉ង់ប្រកាសបិទនាវាចរណ៍ទាំងស្រុង ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល។ ប្រមាណ ២០ភាគរយនៃប្រេងពិភពលោក រួមទាំងការផលិតពីអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អ៉ីរ៉ាក់ គុយវ៉ែត និងអ៉ីរ៉ង់ រួមទាំងឧស្ម័ន LNG ចំនួនច្រើនសន្ធឹកសន្ធាប់ពីប្រទេសកាតា សុទ្ធតែត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់មួយនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងស្ថានភាពនេះ អាចធ្វើឲ្យប្រទេសដែលផលិតប្រេង បិទការនាំចេញជាបណ្តោះអាសន្ន នាំឲ្យមានការខ្វះខាត៕