សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំតាមរាជធានីខេត្ត មិនឱ្យមានការប្រើឡានបាញ់ទឹករាំរែក ហើយលើកទឹកចិត្តលេងល្បែងប្រជាប្រិយ ! (Video inside)
06-03-2026 17:53
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំទៅកាន់អភិបាលរាជធានីខេត្តទាំងអស់ មិនឱ្យមានការប្រើឡានបាញ់ទឹករាំរែកឡើយ ប៉ុន្តែលើកទឹកចិត្តលេងល្បែងប្រជាប្រិយ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។
បើតាមសម្ដេចនាយករដ្ឋមន្រ្តី សម្ដេចគាំទ្រឲ្យមានការរៀបចំព្រឹត្តិការណ៍នគរសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ហើយក៏ជាឱកាសមួយដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមចែករំលែកនូវភាពសប្បាយរីករាយទៅកាន់ជនភៀសសឹក និងបង្ហាញប្រាប់ទៅកាន់កងទ័ពជួរមុខ ថាការខិតខំលះបង់របស់ពួកគាត់ ពិតជាបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានភាពកក់ក្ដៅ មានភាពធន់ និងសាមគ្គីភាពខ្ពស់។ យ៉ាងណាក៏ដោយសម្ដេចក៏បានណែនាំទៅកាន់អាជ្ញាធររាជធានីខេត្ត លេងល្បែងប្រជាប្រិយខ្មែរឲ្យបានផុសផុល និងចៀសវាងនូវការលេងកាំភ្លើងបាញ់ទឹក ឡានបាញ់ទឹក និងប៉ាតម្ស៉ៅជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ហើយទី២ ថែមទាំងប្រមូលគ្នា ដើម្បីរៀបចំនូវផែនការគិតគូរទៅដល់ជនភៀសសឹក និងកងទ័ពរបស់យើងនៅខាងតទៅទៀតតាមរយៈសកម្មភាពជាច្រើនដែលខ្ញុំបានលើកអម្បាញ់មិញនេះ។ នេះគឺជាអ្វី ដែលខ្ញុំសូមគាំទ្រទៅឲ្យការរៀបចំនេះ។ ប៉ុន្តែសកម្មភាពមួយចំនួនមិនគួរទេអាបាញ់ទឹក បាញ់អីហ្នឹងទុកទៅ តាមខេត្តមួយៗទុកឡានទឹកបាញ់ពន្លត់អគ្គីភ័យ ហើយត្រៀមលក្ខណៈគ្រោះអគ្គីភ័យ ព្រោះគ្រោះថ្នាក់ច្រើន រឿងបាញ់សាប៊ូ បាញ់ទឹកអីកុំ។ ប៉ុន្មានឆ្នាំមុនបាញ់ទឹកអត់សូវមានទេ កាលហ្នុងយើងលេងល្បែងប្រជាប្រិយ៍ច្រើនណាស់ យកឱកាសហ្នឹងលេងល្បែងប្រជាប្រិយ៍ឲ្យច្រើនទៅ។ ប៉ាតម្ស៉ៅអីទុកសិនទៅ សប្បាយដូចតែគ្នាទេ មិនបាច់មានកាំភ្លើងបាញ់ទឹកទេ។ បំផុសប្រពៃណីវប្បធម៌ ជាច្រើនផ្សេងៗដែលមាន ធ្វើមិចឲ្យខេត្តមួយៗមានសកម្មភាព»។
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានបង្ហាញឲ្យឃើញថា ការចូលរួមអបអរសាទររបស់បងប្អូនខ្មែរ មិនមែនជាភ្លេចគិតពីទឹកដី និងបង្ហាញពីការមិនយកចិត្តទុកដាក់លើដែនអធិបតេយ្យភាពនោះឡើយ តែផ្ទុយទៅវិញ វាបានបង្ហាញអំពីភាពរឹងមាំ មិនងាយបំបាក់បាន និងការជម្នៈរាល់ការលំបាកទាំងឡាយដើម្បីងើបដើរទៅមុខទាំងអស់គ្នា នៃប្រជាជនកម្ពុជាទាំងមូល៕































































