សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបោសសម្អាត Scam Online នៅកម្ពុជា មិនមែនបញ្ចប់ត្រឹមតែចូលឆ្នាំនោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ (Video inside)
06-03-2026 17:58
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការបោសសម្ពាត ការបោសសម្អាត Scam Online នៅកម្ពុជា នឹងមិនមែនបញ្ចប់យុទ្ធនាការត្រឹមតែមេសាខាងមុខនោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ ដើម្បីសេដ្ឋកិច្ចសង្គមកម្ពុជា។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង នៅរសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាពេលកន្លងទៅ ប្រសាសន៍សម្តេចពាក់ព័ន្ធនឹងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ត្រូវបានជនមួយចំនួន យកទៅផ្សព្វផ្សាយខុសពីឆន្ទៈពិតជាក់ស្តែង ដោយអ្នកខ្លះថា ការបង្ក្រាបនឹងធ្វើឡើងត្រឹមមួយឆាវប៉ុណ្ណោះ ហើយនឹងបញ្ចប់នៅខែក្រោយ។ បញ្ហានេះ ធ្វើឱ្យបុគ្គលមួយចំនួន រង់ចាំមើលលទ្ធផល នៃការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ គឺអត់ទេ កិច្ចការងារនេះ (ការបោសសម្អាត Scam Online) គឺយើងធ្វើជាប់ជាប្រចាំ យើងសម្អាតមិនមែនយើងបង្ក្រាបទេ ពាក្យថាបង្ក្រាបមានន័យថា ទាល់តែមានករណីអនឡាញទើបយើងទៅបង្ក្រាប ប៉ុន្តែនេះគឺយើងបោសសម្អាត ដែលបង្ក្រាបហើយសម្អាត ហើយថែឱ្យស្អាតកុំឱ្យប្រទេសយើងក្លាយទៅជាមានប្រលាក់ជាប់នូវរឿង Scam Online មានបញ្ហាប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមរបស់យើង»។
សម្តេចបានបន្តថា បញ្ហា Scam Online មិនមែនជាបញ្ហារបស់ប្រទេសកម្ពុជាតែមួយទេ បើមើលទៅលើពិភពលោក គឺមាននៅប្រទេសជាច្រើន។ សម្តេចទទួលស្គាល់ថា កម្ពុជាមានពិតជាមាន Scam Online ហើយកម្ពុជាក៏កំពុងតែធ្វើការបង្ក្រាបជាបន្តបន្ទាប់ ហើយយើងនឹងខិតខំបង្ក្រាបបន្តទៅទៀត។
បើតាម សម្តេចមហាបវរធិបតី, ថ្ងៃក្រោយម្ចាស់ទីតាំងក៏ត្រូវទទួលខុសត្រូវផងដែរ ក្នុងការជួលផ្ទះ ឬអគារឱ្យទៅក្រុមឧក្រិដ្ឋជនអនឡាញ ដែលពួកគេមិនអាចនិយាយថា មិនដឹងបាននោះទេ៕































































