ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

06-03-2026 17:58

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ១០០,០០០ ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ ត្រូវបាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ។

បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភ ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

កាកបាទក្រហមកម្ពុជា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏ខ្ពង់ខ្ពស់ថ្លៃថ្លានេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជនទីទ័លក្រលំបាក ជនពិការ ជាពិសេសប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជនរបួសនិងពលីក្នុងសមរភូមិការពារបូរណភាពទឹកដី។

ដើម្បីមានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ជាជំនួយការជូនរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ក៏សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបរិច្ចាគជូនកាកបាទក្រហមកម្ពុជា តាមរយៈក្រុមការងារនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា ដូចខាងក្រោម៖

១. ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)៖
*អ្នកទទួលផល : កាកបាទក្រហមកម្ពុជា
*គណនីឈ្មោះ : CRC Internal Funds Raised
*គណនីប្រាក់រៀល : 100004348127
*គណនីប្រាក់ដុល្លារអាម៉េរិក : 300001709996
២. ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)៖
*អ្នកទទួលផល : កាកបាទក្រហមកម្ពុជា
*គណនីឈ្មោះ : CAMBODIAN RED CROSS
*គណនីប្រាក់រៀល : 777 766 168
*គណនីប្រាក់ដុល្លារអាម៉េរិក : 777 788 168

សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង៖
*លោកជំទាវ ពុំ ចន្ទីនី៖ 012 921 105
*លោកជំទាវ ម៉ែន នារីសោភ័គ៖ 012 810 854
*ឯកឧត្តម ឌួង អេលីត៖ 017 248 888