សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បោសសម្អាតបទល្មើសឆបោកតាមអនឡាញ តាំងពីនីតិកាលចាស់ រហូតដល់នីតិកាលថ្មី (Video inside)
06-03-2026 18:37
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានលើកឡើងពាក់ព័ន្ធប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) រាជរដ្ឋាភិបាលកម្ពុជា តាំងពីនីតិកាលចាស់ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រហូតមកទល់នីតិកាលថ្មីនេះ គឺបន្ដយកចិត្តទុកដាក់បង្ក្រាបជាបន្ដបន្ទាប់ ដោយមិនថយដៃនោះឡើយ។
ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ពិធីបើកសន្និបាត ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែមីនា ហើយបិទនៅរសៀលថ្ងៃទី៦ ខែមីនានេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការងារបង្ក្រាបទប់ស្កាត់ មិនមែនជារឿងថ្មីសម្រាប់រដ្ឋាភិបាលទេ ពិតណាស់មានការចាប់អារម្មណ៍ នៅក្នុងយុទ្ធនាការប៉ុន្មានអាទិត្យនេះ ប៉ុន្តែរឿងនេះយើងបានធ្វើតាំងពីអាណត្តិមុន ចុងអាណត្តិមុនសម្ដេចក្រឡាហោម បង្កើតក្រុមការងារពិសេស ចាត់ចែងដឹកនាំតាមគោលការណ៍របស់សម្ដេចតេជោ ដើម្បីចាប់ផ្ដើមអនុវត្ត និងប្រតិបត្តិទៅលើកាស៊ីណូអនឡាញ និងល្បែងអនឡាញកិច្ចការនោះត្រូវបានបន្តរហូតដល់ដើមអាណត្តិនេះ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ក្រសួងស្នូលដែលបានដឹកនាំកិច្ចការងារនេះ គឺក្រសួងមហាផ្ទៃ ដែលបានដឹកនាំការងារនេះ ពីដើមអាណត្តិបានធ្វើការងារជោគជ័យច្រើន តាមរយៈការបង្កើតក្រុមការងារពិសេស ក្រុមការងារអន្តោប្រវេសន៍ និងក្រុមការងារស្នងការដ្ឋាននគរបាលជាតិ។ សម្ដេចបន្ដថា ការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ សន្ដិសុខ គ្រឿងញៀន គឺជាការងារប្រទាក់ក្រឡាគ្នាដែលត្រូវបន្ដយកចិត្តទុកដាក់។
ក្នុងស្មារតីទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា នៅដើមអាណត្តិឆ្នាំ២០២៥នេះ បានសម្រេចបង្កើតនូវគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាប្រធានតែម្ដង ដែលអមដោយឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឧបនាយករដ្ឋមន្ដ្រី ស សុខា គឺជាអនុប្រធានណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងដែរថា បញ្ហា Online Scam មិនមែនជាបញ្ហារបស់ប្រទេសកម្ពុជាតែមួយទេ បើមើលទៅលើពិភពលោក គឺមាននៅប្រទេសជាច្រើន។ សម្ដេចទទួលស្គាល់ថា កម្ពុជាមានពិតជាមានបទល្មើសនេះ ហើយកម្ពុជាក៏កំពុងតែធ្វើការបង្ក្រាបជាបន្តបន្ទាប់ ហើយយើងនឹងខិតខំបង្ក្រាបបន្តទៅទៀត ទោះបីលទ្ធផលប្រតិបត្តិការកន្លងទៅទទួលបានជោគជ័យយ៉ាងណាក្ដី៕































































