មន្ទីរវប្បធម៌ ខេត្តកំពង់ស្ពឺ រៀបចំពិធីបិទមហោស្រពសិល្បៈរបាំប្រពៃណី

06-03-2026 20:18

(កំពង់ស្ពឺ)៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីបិទមហោស្រពសិល្បៈរបាំប្រពៃណី ក្រោមអធិបតីភាពលោក សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក យឹម សុខម ប្រធានក្រុមប្រឹក្សាខេត្ត, លោក ហន ភក្តី អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត។

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានលើកឡើងពីគោលបំណងចម្បងនៃការរៀបចំពិធីបិទមហោស្រពសិល្បៈរបាំប្រពៃណី ឆ្នាំ២០២៦ គឺចូលរួមអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវិស័យសិល្បៈទស្សនីយភាពនៅក្នុងខេត្តកំពង់ស្ពឺ និងបង្កើនការចូលរួមក្នុងការបណ្តុះការអប់រំ ការសិក្សាស្រាវជ្រាវ ឈ្វេងយល់អំពីចំណេះដឹងសិល្បៈវប្បធម៌ជាតិ ដើម្បីឱ្យយុវជនបានយល់ពីឧត្តមប្រយោជន៍ដ៏មានសារៈសំខាន់ក្នុងការផ្ទេរ និងការទទួលយកនូវចំណេះជំនាញ និងការចងក្រងរក្សាទុកឱ្យបានគង់វង្សល្អនូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបីនិងអរូបី ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

លោក ហន ភក្តី បានលើកឡើងថា បច្ចុប្បន្ននេះរលកសាកលភាវូបនីយកម្ម នៅតែបន្តជះឥទ្ធិពលវប្បធម៌អវិជ្ជមាន ទាំងក្នុងតំបន់ និងពិភពលោក ហើយរលកនៃចរន្តនេះទៀតសោត ជៀសមិនផុតពីការហូរចូលនូវសិល្បៈវប្បធម៌បរទេសទាំងវិជ្ជមាន និងអវិជ្ជមាន មកក្នុងប្រទេសរបស់យើងនោះទេ ដែលប្រការនេះតម្រូវឱ្យប្រជាជនគ្រប់រូបត្រូវមានកាតព្វកិច្ច និងភារកិច្ចចាំបាច់ក្នុងការចូលរួមចំណែកថែរក្សា ការពារវប្បធម៌របស់ខ្លួនដោយឈរលើមូលដ្ឋាននៃ ការអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស។

លោក ហន ភក្តី បានបន្ថែមទៀតថា ការរៀបចំនេះ គឺដើម្បីជំរុញទឹកចិត្តដល់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល បងប្អូនប្រជាពលរដ្ឋ សិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធ រួមគ្នាធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបអំពីសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាស្នាដៃសិល្បៈកើតចេញពីកម្លាំងពលកម្ម និងកម្លាំងប្រាជ្ញាស្មារតីរបស់បុព្វបុរស។

លោកថា ជាការពិត កាលពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យច្បាស់លាស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគាំទ្រ លើកទឹកចិត្ត និងផ្តល់អាទិភាពខ្ពស់ ដោយចាត់ទុកថាវប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សាសង្គមឱ្យចេះរួមរស់ជា មួយគ្នាប្រកបដោយភាពសុខដុមរមនានិងគ្មានការរើសអើង។

ជាមួយគ្នានេះ លោក ហន ភក្តី បានបញ្ជាក់ថា កម្ពុជាជាប្រជាជាតិមួយដែលសម្បូណ៍ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ដែលបុព្វបុរសរបស់យើងបានកសាង និងបានបន្សល់ទុកនូវមត៌កដ៏មានតម្លៃរាប់មិនអស់ ហើយបច្ចុប្បន្នសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងអស់នោះមិនត្រឹមតែជាកេតនភណ្ឌរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ជាមត៌កនៃធនធានសេដ្ឋកិច្ចប្រកបដោយសក្តានុពលមិនចេះរីងស្ងួត និងកំពុងក្លាយទៅជាកម្លាំងចលករមួយដ៏មានប្រសិទ្ធភាព ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាប្រកបដោយនិរន្តរភាព។ ក្នុងការរៀបចំពិធីដ៏មានអត្ថន័យនេះដែរ លោកបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជននានា នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល មេត្តារួមគ្នាអប់រំ បណ្តុះស្មារតី បណ្តុះផ្នត់គំនិតថ្មី និងលើកទឹកចិត្តដល់យុវជនដែលជាអ្នកបន្តវេន ឱ្យចេះស្រឡាញ់វប្បធម៌របស់ខ្លួនដូចទិសស្លោកអប់រំដើម្បីវប្បធម៌ និងវប្បធម៌ដើម្បីអប់រំ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកបានឧទ្ទិស និងរំលឹកដល់គុណូបការៈ របស់បុព្វការីជន ដែលជាដូនតាខ្មែរគ្រប់ជំនាន់ និងវីរកងទ័ពជួរមុខដែលបានបូជានូវកម្លាំងកាយ កម្លាំងចិត្តដើម្បីការពារជាតិមាតុភូមិ និងសូមឱ្យស្មារតីស្នេហាជាតិស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់ៗរូប ដើម្បីរួមគ្នាថែរក្សា រួមគ្នាការពារ និងរួមគ្នាលើកកម្ពស់តម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិជានិច្ចនិរន្តរ៍៕