នាយកមន្ទីរពេទ្យកាល់ម៉ែត លើកទឹកចិត្តដល់នារីៗគ្រប់រូប ដែលបំពេញការងារនៅក្នុងមន្ទីរពេទ្យ បន្តខិតខំបំពេញការងារទៅតាមជំនាញ និងបច្ចេកទេសរៀងៗខ្លួន ដើម្បីជាបង្អែករឹងមាំផ្នែកសុខាភិបាល

06-03-2026 20:51

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងលើកទឹកចិត្តដល់នារីៗគ្រប់រូប ដែលកំពុងបំពេញការងារនៅក្នុងមន្ទីរពេទ្យ បន្តខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញ និងបច្ចេកទេសរៀងៗខ្លួន ដើម្បីជាបង្អែកដ៏រឹងមាំផ្នែកសុខាភិបាល ក្នុងប្រទេសកម្ពុជា។

ការថ្លែងលើកទឹកចិត្តរបស់លោកសាស្រ្តាចារ្យ គង់ សន្យា បានធ្វើឡើងនៅក្នុងឪកាសអញ្ជើញចូលរួមក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅរសៀលថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២៦។

លោកសាស្រ្តាចារ្យ គង់ សន្យា បានថ្លែងថា «ខ្ញុំសូមលើកទឹកចិត្តដល់នារីៗគ្រប់រូប ដែលកំពុងបំពេញការងារនៅក្នុងមន្ទីរពេទ្យ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញ និងបច្ចេកទេសរៀងៗខ្លួន ដើម្បីចូលរួមជំរុញការងារអភិវឌ្ឍន៍បច្ចេកទេសវេជ្ជសាស្ត្រ និងធ្វើទំនើបកម្មលើការងារពិនិត្យ និងព្យាបាលជំងឺប្រកបដោយភាពធន់ និងសុវត្ថិភាពខ្ពស់ជូនអ្នកជំងឺ និងក្រុមគ្រួសារ ដើម្បីជាបង្អែកដ៏រឹងមាំផ្នែកសុខាភិបាលដល់សង្គមជាតិរបស់យើងទាំងមូល»។

អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នា ដោយសារស្ថានភាពទាំងនៅក្នុងប្រទេសយើង និងលើសកលលោកបច្ចុប្បន្នកំពុងតែមានការកើនឡើងនូវអស្ថិរភាព និងកំពុងស្ថិតក្នុងសភាពផុយស្រួយ។

ដូចនេះ សន្តិភាព និងសន្តិសុខ ពិតជាមានគុណតម្លៃខ្លាំងណាស់ដែលមិនអាចកាត់ថ្លៃបានឡើយ ហើយសន្តិភាពអាចស្ថិតស្ថេរបានអាស្រ័យដោយមានការចូលរួមគ្រប់ពេលវេលាពីយើងទាំងអស់គ្នា។ ជាពិសេស ស្រ្តីគឺជាដៃគូមិនអាចខ្វះបានក្នុងការថែរក្សាសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ ការរស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងសុខុមាលភាព។ ការចូលរួមរបស់ស្រ្តី បានក្លាយជាចន្ទល់និងប្រភពកំណើនសេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមជាតិ។

នៅក្នុងឱកាសនោះលោកសាស្រ្តចារ្យ បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់បំផុត ចំពោះថ្នាក់ដឹកនាំ សហការី មន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យកាល់ម៉ែត ជាពិសេសស្ត្រីដែលបច្ចុប្បន្នមានចំនួនរហូតដល់ទៅ 55.48% (ហាសិបប្រាំក្បៀសសែសិបប្រាំបីភាគរយ) នៃចំនួនមន្ត្រី-បុគ្គលិកសរុបរបស់មន្ទីរពេទ្យ ចំពោះកិច្ចខិតខំបំពេញការងារទៅតាមជំនាញ ខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញ និងបច្ចេកទេសរៀងៗខ្លួន ហើយមានសមត្ថភាពខ្ពស់ក្នុងការពិនិត្យព្យាបាល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ បានយ៉ាងស្ទាត់ជំនាញ រួមមានដូចជាវេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ ឱសថបណ្ឌិត ឱសថការី គិលានុបដ្ឋាក-យិកា ឆ្មប អ្នកបច្ចេកទេសវិទ្យុសាស្ត អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នករូបវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់ វិស្វករអគ្គិសនី អ្នកបច្ចេកទេសបរិក្ខារជីវៈវេជ្ជសាស្ត្រ ។ល៕