រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ផ្សព្វផ្សាយឆ្លើយតប និងជំរុញសកម្មភាពដើម្បីកម្ពុជាមានបរិស្ថានស្អាត

06-03-2026 20:51

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួង និងប្រធានមន្ទីរបរិស្ថានទាំង ២៥រាជធានី ខេត្ត ដោយផ្ទាល់និងតាមប្រព័ន្ធ Zoon នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថាន បន្តកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា ថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ចផ្សព្វផ្សាយ អប់រំ ជំរុញឱ្យសាធារណជនទទួលបានព័ត៌មាន ទាក់ទងនឹងវិស័យបរិស្ថាន ឱ្យបានទូលំទូលាយ។

លោករដ្ឋមន្រ្តីក៏បានណែនាំបន្ថែម ថ្នាក់ដឹកនាំក៏ដូចជាមន្រ្តី ធ្វើការផ្សព្វផ្សាយ បំភ្លឺ និងឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ពីអ្វីជាការពិត នៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងបរិស្ថានដែលបាននឹងកំពុធ្ងអនុវត្តដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រសួងបរិស្ថានកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រ «ឆ្នាំសកម្មភាព ជាមួយលទ្ធផលជាក់ស្តែង» សម្រាប់ឆ្នាំ២០២៦ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថានស្អាត និងភាពបៃតង។

លោកបណ្ឌិតអ៊ាង សុផល្លែត បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន ជាពិសេសមន្ទីរបរិស្ថាន បន្តសហការជាមួយអ្នកពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន អង្គការ សង្គមស៊ីវិល យុវជន និងសិស្សានុសិស្ស ធ្វើសកម្មភាពអាទិភាពរួមមានការជំរុញយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមជាមួយយុទ្ធនាការ «ផ្លូវជាតិ គ្មានសំរាម និងសំណល់ប្លាស្ទិក» ដើម្បីជំរុញ «ភាពស្អាត» នៅក្នុងសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការពង្រីកគម្របបៃតង ដាំឈើឱ្យបានច្រើន និងធ្វើការលើកកម្ពស់ជីវភាពសហគមន៍ ដោយពិនិត្យលើការរៀបចំអភិវឌ្ឍន៍ ក្នុងនោះមានគោលដៅលំហែបៃតង នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដែលអនាគតគឺប្រជាពលរដ្ឋ នៅតាមសហគមន៍ ជាម្ចាស់គ្រប់គ្រងប្រកបដោយនិរន្តរភាព។

ទាក់ទងនឹងការផ្សព្វផ្សាយ ក្រសួងបរិស្ថានបាននឹងកំពុងខិតខំជំរុញសកម្មភាពថែរក្សា ការពារបរិស្ថាន និងធនធានធម្មជាតិ ការមានទម្លាប់ស្អាត ស្រឡាញ់ភាពបៃតង និងការរស់នៅប្រកបដោយចីរភាព ជាមួយប្រព័ន្ធព័ត៌មានរបស់ខ្លួន និងពង្រីកភាពជាដៃគូបណ្តាញផ្សព្វផ្សាយផងដែរ៕