រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់មន្ត្រីជាន់ខ្ពស់ចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក នៅខេត្ត​កំពង់​ធំ​ ដោយជំរុញឱ្យផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់

06-03-2026 21:40

(​កំពង់​ធំ​​)៖ ដោយទទួលបានការណែនាំលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក​ចំនួន​០២ ​​របស់មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកំពង់ធំ​ រួម​មាន​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​សន្ទុក​ និង​មន្ទីរ​ពេទ្យ​បង្អែកស្ទោង​ ចាប់​ពី​ថ្ងៃទី០៤​ដល់​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ២០២៦​។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​បេសកកម្ម​ ក្រុម​ការ​ងារ​ពង្រឹង​គុណភាព​សេវា​មន្ទីរពេទ្យ​បង្អែក​ស្រុក​ ដឹកនាំ​ដោយ​លោក​បណ្ឌិត​ កែរ​ រដ្ឋា​ បាន​ផ្ដល់​ព័ត៌មាន​ត្រឡប់​ជូន​ រដ្ឋ​បាលខេត្ត​ អាជ្ញាធរ​ស្រុក​ទាំង​២​ និង​ថ្នាក់​ដឹកនាំ​មន្ទីរ​សុខាភិបាល​ នៅ​សាល​ប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត​។

ក្នុងឱកាសបំពេញបេសកកម្មនេះ លោក​បណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យ​រដ្ឋមន្ត្រី​ ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ដែលបានលះបង់ខ្ពស់ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកបដោយ​វិជ្ជាជីវៈ​ ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល មិន​ត្រូវ​រើសអើង​អ្នក​ជំងឺ​ណា​ម្នាក់​ ជា​ពិសេស​អ្នក​ជំងឺ​ក្រីក្រ​ អ្នក​ជំងឺ​មាន​បណ្ណ​មូល​នីធិ​​សមធម៌​ ងាយ​រង​គ្រោះ​ ហានិភ័យ​ ជន​មាន​ពិការភាព​ និង​អ្នក​ជំងឺ​ ប.ស.ស​ -។ ល។

លោក​បណ្ឌិតបញ្ជាក់ថា ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក​ក្នុងមួយឆ្នាំចុះ២ដង នេះជាលើកទី៦​ ហើយ ដែលបានចុះមកខេត្តកំពង់​ធំ។ លោក​បណ្ឌិតបានកោតសរសើរអំពីការរីកចម្រើនជាបន្តបន្ទាប់​របស់មន្ទីរពេទ្យបង្អែកនីមួយៗ ។

លោក​បណ្ឌិត កែរ រដ្ឋា បានជម្រាបជូន​ភ្នាក់ងារ​សារព័ត៌មាន​ Fresh News ថា​ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីតែងតែគិតគូរពីសុខភាព​ និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៅក្នុង​នោះ​ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព​ ។

លោក​បណ្ឌិត​ កែរ​ រដ្ឋា​ បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ឆ្នាំ២០២៥កន្លងទៅ​នេះ​ រាជរដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​សម្រាប់​អភិវឌ្ឍ​មន្ទីរពេទ្យ​ចំនួន​៦១​ កំរិត​១​ និង​កំរិត​២​ អោយ​មាន​សមត្ថភាព​ផ្នែក​វះកាត់​ សង្គ្រោះ​បន្ទាន់​ សង្រ្គោះ​ទារក​ និង​ថែទាំ​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ​ ដើម្បី​កាត់​បន្ថយ​ការ​បញ្ជូន​ទៅមន្ទីរពេទ្យ​ថ្នាក់​ជាតិ​ កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​​​៕