ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញប្រគល់ផ្លែល្មើចំនួន៥តោន ជូនសាសនិកឥស្លាមមកពីរាជធានីភ្នំពេញ កណ្តាល កំពង់ឆ្នាំង ព្រៃវែង និងព្រះវិហារ

06-03-2026 21:58

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបសំណេះសំណាល និងបានប្រគល់ផ្លែល្មើ ចំនួន៥តោន ស្មើនឹង៦២៥កេស ជូនដល់ខេត្តចំនួន៥ មកពីរាជធានីភ្នំពេញ កណ្តាល កំពង់ឆ្នាំង ព្រៃវែង និងព្រះវិហារ ដែលជាព្រះរាជអំណោយរបស់ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល់សាអ៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ផ្តល់ជូនតាមរយៈក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីត សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា ក្នុងខែបួសរ៉ាម៉ាឌន ឆ្នាំ២០២៦។

ក្នុងឱកាសមានមតិសំណេះសំណាល ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា សម្រាប់ខែបួសរ៉ាម៉ាឌនឆ្នាំ២០២៦នេះ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានផ្តល់ជំនួយមនុស្សធម៌ផ្លែល្មើចំនួន៣០តោនដល់កម្ពុជា ក្នុងនោះតាមរយៈមជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត(KSRelief)ចំនួន ២៥តោន និងក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីត ចំនួន៥តោន។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ក្រៅពីផ្លែល្មើឆ្នាំ២០២៦នេះ អារ៉ាប៊ីសាអូឌីត ក៏បានផ្តល់អំណោយកញ្ចប់អាហារស្រាយបួសចំនួន៨,៨៥០កញ្ចប់ ដល់សហគមន៍ឥស្លាមកម្ពុជា សម្រាប់ចែកជូនសាសនិកឥស្លាមនៅតាមបណ្តារាជធានី ខេត្តនានា ដែលទើបតែបានបញ្ចប់បេសកកម្មចែកនាពេលថ្មីៗនេះ និងធ្វើពិធីពិសាអាហារស្រាយបួសសម្រាប់សាសនិកឥស្លាមចំនួនជាង១ពាន់នាក់ផងដែរ។

ជាមួយគ្នានេះ ជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ ស្ថានទូតអារ៉ាប៊ីសាអូឌីត និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលកន្លងមកតែងតែយកចិត្តទុកដាក់ និងបានបង្កើតនូវសមិទ្ធផលជាច្រើន ដល់សហគមន៍ឥស្លាមកម្ពុជា ដូចជាការផ្ដល់ជូននូវអាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនកន្លែង ការសាងសង់វិហារ សាលារៀន ផ្តល់អំណោយទៅប្រតិបត្តិ ធម្មយាត្រាហាជ្ជី និងអំណោយមនុស្សធម៌គម្ពីរអាល់គួរអាន និងផ្សេងៗជាច្រើនទៀត។ នេះសបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

សូមជម្រាបថា ក្រៅពីទទួលជំនួយមនុស្សធម៌ពីអារ៉ាប៊ីសាអូឌីត ក្នុងខែបួសរ៉ាម៉ាឌននេះ សហគមន៍ឥស្លាមកម្ពុជា ក៏ទទួលបានពីអង្គការសមាគមមក ពីបណ្តាប្រទេសផ្សេងទៀតផងដែរ មានដូចជា តួកគីយ៉េ អាឡឺម៉ង់ គុយវែត កាតា សិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូនេស៉ី និងផ្សេងៗទៀត។

លោកបានថ្លែងអំណរអរគុណ រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសមាគមសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល៕