កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scam នៅខណ្ឌជ្រោយចង្វារ និងរកឃើញការនៅប្រមូលផ្តុំរបស់ជនបរទេសក្នុងខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនបរទេស៩៩នាក់
06-03-2026 22:10
(ភ្នំពេញ)៖ ដោយអនុវត្តន៍តាមប្រសាសន៍របស់រាជរដ្ឋាភិបាល, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរខណ្ឌជ្រោយចង្វារ និងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងប្រមូលផ្តុំជនបរទេស សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២ទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចចំនួន២ទីតាំងផ្សេងគ្នា រួមមាន៖
* ទីតាំងទី១ នៅក្នុងខុនដូ Yellow Tower ជាន់ទី៥ បន្ទប់ C ស្ថិតនៅផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រកឃើញបុគ្គលិកចំនួន១៥នាក់ (ស្រី៨នាក់)។ ក្នុងនោះមានជនបរទេសចំនួន៦នាក់ ស្រី៤នាក់ មាន១សញ្ជាតិ (ឥណ្ឌូនេស៊ី) មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ រួមជាមួយសម្ភារៈ វត្ថុតាងសង្ស័យរួមមាន ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន១៦គ្រឿង, ម៉ូនីទ័រ១២គ្រឿង និងCPU ចំនួន១៧គ្រឿង។
យោងតាមការកោសល្យវិច័យសន្និដ្ឋានបានថា ទីតាំងខាងលើជាភ្នាក់ងារបម្រើសេវាកម្ម ដាក់ប្រាក់ ដកប្រាក់ និងផ្ទៀងផ្ទាត់ព៌តមានជូនអតិថិជន ដែលចូលលេងហ្គេមអនឡាញ ទិសដៅភាគច្រើនទៅកាន់ប្រទេសឥណ្ឌូនេសុី។
* ទីតាំងទី២ នៅចំណុចអគារស្នាក់នៅ គ្មានឈ្មោះ កម្ពស់៨ជាន់ មាន៦៤បន្ទប់ ស្ថិតនៅផ្ទះលេខ១៤ ផ្លូវលេខ១៧៨ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងនោះរកឃើញជនបរទេសស្នាក់នៅជាលក្ខណៈប្រមូលផ្ដុំ សរុប៩៣នាក់ ស្រី៤នាក់ មាន២សញ្ជាតិ រួមមាន៖ សញ្ជាតិ ប៉ាគីស្ថាន មាន៩២នាក់ (ស្រី៤នាក់), សញ្ជាតិ ឥណ្ឌា មាន១នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ៦២នាក់ ស្រី២នាក់, លិខិតឆ្លងដែន (ផុតទិដ្ឋាការ) ២៦នាក់ ស្រី១នាក់ និងគ្មានលិខិតឆ្លងដែន៥នាក់ ស្រី១នាក់។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនខ្លួនជនជាតិបរទេសទាំងអស់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
























