រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រសួងទេសចរណ៍ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦
06-03-2026 22:42
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រសួងទេសចរណ៍ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ ដើម្បីស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ ដោយផ្តោតលើការអនុវត្តកម្មវិធី និងផែនការសកម្មភាពសំខាន់ៗនៃវិស័យទេសចរណ៍ សម្រាប់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយិកាវិទ្យាស្ថាន នាយកសាលា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ទីរទេសចរណ៍រាជធានី ខេត្តតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំលេង (Zoom Meeting) សរុបចំនួនប្រមាណ ២០០រូប។
ជាទិសដៅបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី បានណែនាំឲ្យអង្គភាពជំនាញពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការរវាងអង្គភាព ក៏ដូចជាការសហការជាមួយដៃគូពាក់ព័ន្ធក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការរួមចំណែកលើកកម្ពស់កិត្តិនាមកម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានគុណភាព។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាគោលការណ៍ក្នុងការប្រារព្ធ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦៕















