ក្រសួងបរិស្ថាន កំពុងពិនិត្យ និងចាត់វិធានការច្បាប់ចំពោះការបំពុលបរិស្ថាន ពិសេសសំណល់អេឡិចត្រូនិក បន្ទាប់ពីឆេះឃ្លាំងស្តុកសំណល់ (អេតចាយ) និងសំណល់មិនរៀបរយ ១កន្លែង នៅខេត្តកំពង់ស្ពឺ

07-03-2026 09:14

(កំពង់ស្ពឺ)៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរឃុំ អាជ្ញាធរភូមិ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារបានពិនិត្យឃើញថា ករណីឆេះឃ្លាំងស្តុកសំណល់ (អេតចាយ) នៅភូមិសាស្រ្តភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីមានអគ្គិសភ័យឆេះ ចាប់ពីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ រហូតដល់យប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ មិនទាន់បញ្ចប់នៅឡើយនោះ បានបង្កឡើងដោយអគ្គិសភ័យមានកម្លាំងខ្លាំង មានការឆេះគំនរខ្សែអគ្គិសនីរាប់សិបតោន ខ្សែកាបអគ្គិសនី ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ចាស់ៗ កុងទែនន័រចាស់ៗ ម៉ូតូ ម៉ូតូកង់បី យានយន្តចាស់ សំណល់យន្តហោះខូច ១គ្រឿង និងលោហធាតុចាស់ជាច្រើនប្រភេទ មកស្តុកទុក លើផ្ទៃដីទំហំ១ ហិកតាកន្លះ។

សូមបញ្ជាក់ថា ទីតាំងស្តុកទុកសំណល់មិនរៀបរយខាងលើ ជារបស់ឈ្មោះ សុខ ហាន ដែលបានធ្វើការប្រមូលទិញសំណល់រឹង ដែលអាចធ្វើការកែច្នៃបានគ្រប់ប្រភេទ ហើយការបើកអាជីវកម្មនេះ គឺពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ដែលចេញពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសក្នុងវិស័យបរិស្ថាន។

សូមបញ្ជាក់ថា ការទុកដាក់សំរាមសំណល់រឹងខុសច្បាប់ អាចការបង្កឱ្យមានការឆេះ ការបំពុលខ្យល់ ឬការដោះស្រាយសារធាតុគ្រោះថ្នាក់មិនត្រឹមត្រូវ។ បទល្មើសទាំងនេះអាចនាំឱ្យរងនូវការចាត់វិធានការច្បាប់។ ជាក់ស្ដែង យោងតាម ក្រមបរិស្ថាននិងធនធានធម្មជាតិ របស់ក្រសួងបរិស្ថាន ត្រង់៖

-មាត្រា២៧២ ស្តីពីសកម្មភាពបង្កផលប៉ះពាល់ ដែលបានចែងថា «ហាមឃាត់ដាច់ខាតសកម្មភាពស្ដុកទុក បញ្ចេញ ដុត កប់ បោះចោលសំណល់គ្រោះថ្នាក់ដែលបង្កឱ្យមានផលប៉ះពាល់សុខភាពសាធារណៈ បរិស្ថាន ឬបង្កការខូតខាតទ្រព្យសម្បតិ្ត»។ ហើយអាចមានទោសដូចចែងក្នុង មាត្រា៨៤៤ ស្ដីពីសកម្មភាពបង្កផលប៉ះពាល់ដល់បរិស្ថាន ដែលបានចែងថា «បុគ្គលដែលធ្វើសកម្មភាពស្ដុកទុក បញ្ចេញ ដុត កប់ បោះចោលសំណល់គ្រោះថ្នាក់ ហើយបង្កផលឱ្យមានផលប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណៈ ឬបង្កការខូតខាតទ្រព្យសម្បត្តិ ដូចមានចែងក្នុងមាត្រា ២៧២ (សកម្មភាពបង្កផលប៉ះពាល់)នៃក្រមនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០០ ០០០ ០០០រៀល ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការផាកពិន័យអន្តរការណ៍ចំនួន២ដង ហើយនៅតែបន្តប្រព្រឹត្តិអំពើល្មើសដដែលក្នុងអំឡុងពេល១(មួយ)ឆ្នាំ គិតចាប់ពីការពិន័យអន្តរការណ៍លើកមុន»

ក្រុមការងារជំនាញបានដាក់ចេញវិធានការបច្ចេកទេសដំបូងដោយណែនាំឱ្យម្ចាស់អាជីវកម្ម៖

១. ត្រូវសហការជាមួយអាជ្ញាធរដែនដីក្នុងការទប់ស្កាត់និងពន្លត់ភ្លើងឱ្យបានឆាប់
២.ផ្អាកការនាំចូលនូវសំណល់គ្រប់ប្រភេទមកស្តុកនៅទីតាំងនេះ
៣.ត្រូវបំពេញនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់មុននឹងដំណើរការអាជីវកម្មបែបនេះ
៤.ត្រូវណែនាំបុគ្គលិក កម្មករ ឬអ្នកនៅប្រចាំការ ហាមរាល់ការដុតគ្រប់ប្រភេទ ទោះបីជាដុតស្មៅ ឬសំណល់ផ្សេងៗ។

សូមបញ្ជាក់ថា អគ្គីភ័យខាងលើ បានបង្កឱ្យបានឆេះរាលដាល មកដល់កន្លែងស្តុកទុកសំរាម និងសំណល់រឹង ខាងលើ ដោយបង្កើតជាផ្សែងខ្មៅខ្មួលខ្មាញ់ និងមានក្លិនឈ្ងៀមឆួលខ្លាំង ចាប់ពីនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៣ រសៀល រហូតដល់យប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅមិនទាន់អាចគ្រប់គ្រងបាន១០០% នៅឡើយ។ រដ្ឋបាលខេត្តកំពង់ស្ពឺបានចុះអន្តរាគមន៍ និងមានកម្លាំងនគរបាល កងរាជអាវុធហត្ថចុះអន្តរាគមន៍ពន្លត់ភ្លាមៗ និងបន្តអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិសភ័យ៩ គ្រឿង ជាបន្តបន្ទាប់៕