ការស្តុកសំណល់អេតចាយ និងផលប៉ះពាល់បរិស្ថាន សុខភាពពលរដ្ឋ ដែលអាជ្ញាធរមិនគួរមើលរំលង
07-03-2026 09:29
(ភ្នំពេញ)៖ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ ឃ្លាំងស្តុកអេតចាយធំមួយនៅក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ការឆាបឆេះនោះ បានអូសបន្លាយរហូតដល់យប់ថ្ងៃទី៦ ខែមីនា មិនទាន់ពន្លត់ឱ្យរលត់ទៅវិញនោះឡើយ បើទោះបីអាជ្ញាធរផ្នែកអគ្គិភ័យបានជួយអន្តរាគមន៍យ៉ាងណាក្តី។
យោងតាមអាជ្ញាធរ បានឱ្យដឹងថា ឃ្លាំងស្តុកអេតចាយនេះ ជាកម្មសិទ្ធិរបស់ឈ្មោះ សុខ ហាន ដែលជាអ្នកប្រមូលទិញសំណល់រឹងសម្រាប់កែច្នៃ។ ទោះជាយ៉ាងណា មន្ត្រីជំនាញបានរកឃើញថា អាជីវកម្មនេះ ដំណើរការដោយគ្មានលិខិតអនុញ្ញាតពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ ជាពិសេសក្នុងវិស័យបរិស្ថាន។
ការស្រាវជ្រាវដំបូងបង្ហាញថា ភ្លើងបានឆេះសំណល់ជាច្រើនប្រភេទ ដែលត្រូវបានស្តុកទុកមិនមានសណ្តាប់ធ្នាប់ រួមមាន ខ្សែអគ្គិសនីរាប់សិបតោន ខ្សែកាបអគ្គិសនី ម៉ាស៊ីនបោកគក់ចាស់ៗ ម៉ាស៊ីនត្រជាក់ កុងទែនន័រចាស់ ម៉ូតូ ម៉ូតូកង់បី យានយន្តចាស់ សំណល់យន្តហោះខូចមួយគ្រឿង និងលោហធាតុចាស់ជាច្រើនប្រភេទ។ សំណល់ទាំងនេះត្រូវបានស្តុកលើផ្ទៃដីប្រហែល ១.៥ហិកតា។
ហេតុការណ៍អគ្គិភ័យឆេះឃ្លាំងស្តុកអេតចាយនេះ វាជាគ្រោះអកុសល ជាការខាតបង់សម្រាប់ម្ចាស់ទីតាំង តែវាក៏បានបង្កមហន្តរាយដល់បរិស្ថាន សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរផងដែរ។ សំណល់ចម្រុះប្រភេទ ដែលជាប្លាស្ទិក និងអេឡិចត្រូនិករងការឆាបឆេះនោះ បានបង្កើតជាផ្សែងខ្មៅខ្មួលខ្មាញ់ហ៊ុយទ្រលោមទៅកាន់លំហអាកាស។
មន្ត្រីជំនាញបរិស្ថាន បានអះអាងថា កាកសំណល់ប្លាស្ទិក និងអេឡិចត្រូនិក មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងបរិស្ថាន បើការទុកដាក់ ឬគ្រប់គ្រងមិនបានត្រឹមត្រូវទេនោះ ហើយការឆាបឆេះបែបនេះ វាបង្កមហន្តរាយ កាន់តែខ្លាំងថែមទៀតសម្រាប់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន។
ទីតាំងស្តុកអេតចាយខាងលើនេះ ត្រូវបានរកឃើញថា មិនមានច្បាប់ ហើយទីតាំងទុកដាក់ ក៏មិនបានរៀបចំឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកផងដែរ។ ការធ្វើអាជីវកម្មមិនមានច្បាប់ ការទុកដាក់ ការគ្រប់គ្រងសំណល់មិនបានត្រឹមត្រូវតាមបច្ចេកទេស ហើយធ្វេសប្រហែសបង្កឱ្យកើតជាអគ្គិភ័យ ម្ចាស់ទីតាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា២៧២ ហាមឃាត់សកម្មភាពស្តុកទុក បញ្ចេញ ដុត កប់ ឬបោះចោលសំណល់គ្រោះថ្នាក់ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ បរិស្ថាន ឬទ្រព្យសម្បត្តិ។ មាត្រា៨៤៤ កំណត់ថា អ្នកប្រព្រឹត្តអំពើល្មើសបែបនេះ អាចប្រឈមទោសដាក់ពន្ធនាគារពី ១ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០លានរៀល ក្នុងករណីបន្តប្រព្រឹត្តបទល្មើសដដែល។
ផ្តើមចេញពីហេតុការណ៍ឆេះកន្លែងស្តុកអេតចាយក្នុងខេត្តកំពង់ស្ពឺ ជាមេរៀនមួយសម្រាប់អ្នករកស៊ីទិញអេតចាយដើម្បីកែច្នៃ ត្រូវតែស្នើសុំច្បាប់ពីអាជ្ញាធរពាក់ព័ន្ធ ហើយការរក្សាស្តុកទុកអេតចាយ ត្រូវអនុលោមតាមបច្ចេកទេសនានា ដើម្បីទប់ស្កាត់ការបង្កផលប៉ះពាល់ផ្នែកបរិស្ថាន និងបង្ការគ្រោះអគ្គិភ័យ។
អាជ្ញាធររាជធានី ខេត្ត គួរយកចិត្តទុកដាក់ពិនិត្យទីតាំងស្តុកទុកសំណល់អេតចាយពាក់ព័ន្ធនឹងច្បាប់ទម្លាប់ ក៏ដូចជាលក្ខខណ្ឌបច្ចេកទេសនានា ដើម្បីបញ្ចៀសការឆាបឆេះ និងបង្កមហន្តរាយដល់ផ្នែកបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ៕










