បណ្ឌិតសភាចារ្យ ភឿង សកុណា៖ តួនាទីស្ត្រីក្នុងសង្គមនិងគ្រួសារ គឺជាកត្តាសត្យានុម័តកំណត់ជោគវាសនាទាំងគ្រួសារនីមួយៗផង និងចូលរួមជំរុញស្ថានភាពរីកចម្រើនសង្គមផង

07-03-2026 09:31

(ភ្នំពេញ)៖ លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា តួនាទីរបស់ស្ត្រីក្នុងសង្គមនិងគ្រួសារ គឺជាកត្តាសត្យានុម័តកំណត់ជោគវាសនាទាំងគ្រួសារនីមួយៗផង និងចូលរួមជំរុញស្ថានភាពរីកចម្រើនរបស់សង្គមផង។

លោកស្រី បានលើកឡើងបែបនេះ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦។ សម្រាប់ឆ្នាំនេះ ពិធីត្រូវបានរៀបចំឡើងយ៉ាងអធិកអធមក្រោមប្រធានបទដ៏មានអត្ថន័យគឺ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»

លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះ «តួនាទីរបស់ស្ត្រីក្នុងសង្គមនិងគ្រួសារ គឺជាកត្តាសត្យានុម័តកំណត់ជោគវាសនាទាំងគ្រួសារនីមួយៗផង និងចូលរួមជំរុញស្ថានភាពរីកចម្រើនរបស់សង្គមផង។ ក្នុងន័យនេះ និងតាមរយៈពាក្យស្លោក«ស្ត្រី គឺជាមាតានៃសង្គម» រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចការពារ ផ្តល់តម្លៃ និងលើកតម្កើងស្ត្រីនៅលើគ្រប់វិស័យ និងគ្រប់សកម្មភាព ជាមួយគោលនយោបាយដ៏ជាក់ច្បាស់ ដោយមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏មានប្រសិទ្ធភាព»

កម្មវិធីក៏បានរំលេចពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានានូវ សន្តិសុខផ្លូវចិត្ត និងផ្លូវកាយ ជូនដល់ស្ត្រីទាំងក្នុងកន្លែងការងារ និងក្នុងរង្វង់គ្រួសារ ព្រមទាំងការលុបបំបាត់រាល់ទស្សនៈរើសអើង ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យស្ត្រីចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសុខសន្តិភាព និងពន្លឿនកិច្ចអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕