អាងស្រូបកាបូន (Carbon Sink)៖ ខែលការពារអាកាសធាតុរបស់ភពផែនដី
07-03-2026 10:33
(ភ្នំពេញ)៖ អាងស្រូបកាបូន (Carbon Sink) ជាដំណើរការ សកម្មភាព ឬយន្តការណាមួយ ដែលនាំឱ្យមានការស្រូបយកពិតៗនូវឧស្ម័នផ្ទះកញ្ចក់ពីបរិយាកាស ឬអាចនិយាយបានថា វាគឺជាប្រព័ន្ធធម្មជាតិ ឬបច្ចេកវិទ្យាសិប្បនិម្មិត ដែលមានសមត្ថភាពស្រូបយកឧស្ម័នកាបូនិក (CO2) ពីបរិយាកាស បានច្រើនជាងបរិមាណដែលវាបញ្ចេញមកវិញ។
ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ឧស្ម័នកាបូនិក (CO2) ដែលភាយចេញពីសកម្មភាពមនុស្ស ដូចជាការដុតឥន្ធនៈហ្វូស៊ីល ការកាប់បំផ្លាញព្រៃឈើ និងចង្វាក់ផលិតកម្មឧស្សាហកម្ម គឺជាភ្នាក់ងារចម្បងដែលរក្សាកម្ដៅក្នុងបរិយាកាស និងធ្វើឱ្យផែនដីឡើងកម្ដៅ។ ដូច្នេះប្រភពស្រូបកាបូន (Carbon Sink) ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពអាកាសធាតុ តាមរយៈការចាប់យក និងរក្សាទុកជាតិកាបូនទាំងនោះ ក្នុងរយៈពេលខ្លី ឬយូរអង្វែង ដើម្បីកាត់បន្ថយឥទ្ធិពលផ្ទះកញ្ចក់ឱ្យមកនៅកម្រិតទាប។
១៖ យន្តការស្រូបកាបូនតាមធម្មជាតិ
កន្លែងស្រូបកាបូនធម្មជាតិមានសារៈសំខាន់ខ្លាំងសម្រាប់រក្សាតុល្យភាពអាកាសធាតុរបស់ផែនដី។ ធម្មជាតិបានផ្ដល់នូវប្រព័ន្ធចម្រោះដ៏អស្ចារ្យចំនួន ៣៖
* ព្រៃឈើ៖ តាមរយៈដំណើរការរស្មីសំយោគ (Photosynthesis) ដើម ឈើស្រូបយក (CO2) រួចបំប្លែងទៅជាអុកស៊ីសែន និងរក្សាទុកជាតិកាបូននៅក្នុងដើម ស្លឹក និងឫស
* មហាសមុទ្រ៖ ជាកន្លែងស្រូបកាបូនធំជាងគេបំផុតលើពិភពលោក ដែលស្រូបយកឧស្ម័នកាបូនិក មួយផ្នែកធំជារៀងរាល់ឆ្នាំ តាមរយៈដំណើរការរលាយក្នុងទឹក និងរុក្ខជាតិសមុទ្រ
* ដី (Soil): ផ្ទុកជាតិកាបូនដែលបានមកពីការរលួយនៃសំណល់សរីរាង្គពីរុក្ខជាតិ និងសត្វ ដែលជួយឱ្យដីមានជីជាតិ និងកាត់បន្ថយការភាយឧស្ម័នទៅក្នុងបរិយាកាស។
២៖ បច្ចេកវិទ្យាចាប់យកកាបូន
ក្រៅពីប្រព័ន្ធធម្មជាតិ មនុស្សក៏បានអភិវឌ្ឍបច្ចេកវិទ្យា «ការចាប់យក និងផ្ទុកកាបូន» (Carbon Capture and Storage - CCS) បច្ចេកវិទ្យានេះមានសមត្ថភាពស្រូបយក (CO2) ដោយផ្ទាល់ពីរោងចក្រឧស្សាហកម្ម រួចបញ្ជូនទៅផ្ទុកនៅក្រោមដីយ៉ាងមានសុវត្ថិភាព ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ទោះបីបច្ចេកវិទ្យានេះនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ ក៏វាបង្ហាញពីសក្តានុពលក្នុងការជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
សេចក្តីសន្និដ្ឋានការការពារព្រៃឈើ ការអភិរក្សមហាសមុទ្រ និងការវិនិយោគលើបច្ចេកវិទ្យាបៃតង មិនត្រឹមតែជាការថែរក្សាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរក្សា «សួត» របស់ភពផែនដី។ ការពង្រឹងសមត្ថភាពនៃកន្លែងស្រូបកាបូន គឺជាគន្លឹះតែមួយគត់ឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ៕




