ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អញ្ជើញបិទវគ្គបំប៉នជំនាញនីតិវិធីសួរចម្លើយ ជូនដល់មន្ត្រីនគរបាលទេសចរណ៍ទូទាំងរាជធានី-ខេត្ត

07-03-2026 10:48

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពបិទវគ្គបំប៉នជំនាញ «នីតិវិធីសួរចម្លើយ» ជូនដល់មន្ត្រីនគរបាលទេសចរណ៍ ចំណុះនាយកដ្ឋាននគរបាលទេសចរណ៍ និងមន្ត្រីនគរបាលទេសចរណ៍ ចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

ថ្លែងក្នុងឱកាសបិទវគ្គបំប៉ននេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ ដែលបានចូលរួមសិក្សាដោយយកចិត្តទុកដាក់ និងទទួលបានលទ្ធផលល្អប្រសើរ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានលើកសរសើរ និងថ្លែងអំណរគុណដល់គ្រូឧទ្ទេសទាំងអស់ ដែលបានខិតខំឆ្លៀតពេលវេលាដ៏មានតម្លៃក្នុងការ បង្ហាត់បង្រៀន ចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់សិក្ខាកាម។

ប្រធាននាយកដ្ឋាន ក៏បានណែនាំឱ្យសិក្ខាកាមទាំងអស់ យកចំណេះ ដឹងនិងជំនាញដែលទទួលបានពីវគ្គបំប៉ននេះ ទៅអនុវត្តន៍ជាក់ស្តែងក្នុងការ បំពេញភារកិច្ចប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍ ច្បាប់ និងវិជ្ជាជីវៈនគរបាលជាតិ ដើម្បីចូលរួមចំណែកក្នុងការរក្សាសុវត្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសលើកកម្ពស់មុខមាត់វិស័យ ទេសចរណ៍កម្ពុជាឱ្យកាន់តែល្អប្រសើរ។

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានគូសបញ្ជាក់ថា វគ្គបំប៉ននេះ ថ្វីត្បិតតែមានរយៈពេលខ្លី ប៉ុន្តែបានពង្រឹងសមត្ថភាព និងចំណេះដឹងវិជ្ជាជីវៈ ដល់មន្ត្រីនគរបាលទេសចរណ៍ ក្នុងការអនុវត្តនិតិវិធីសួរចម្លើយឱ្យបាន ត្រឹមត្រូវតាមច្បាប់ និងគោលការណ៍វិជ្ជាជីវៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងដោះស្រាយករណីពាក់ព័ន្ធនឹង ភ្ញៀវទេសចរ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងទំនុកចិត្តដល់ភ្ញៀវជាតិ និង អន្តរជាតិដែលមកទស្សនាកម្ពុជា។

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត ជូនចំពោះសិក្ខាកាម គ្រូឧទ្ទេស និងអង្គពិធីទាំងមូលដោយបានជូនពរឱ្យទាំងអស់គ្នា មានសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យក្នុងការបំពេញភារកិច្ចការងារ ដើម្បីរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលើកកម្ពស់ កិត្តិយសកងកម្លាំងនគរបាលជាតិឱ្យកាន់តែរីកចម្រើន៕