ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចាត់តំណាងនាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ជូនសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក
07-03-2026 10:51
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានស.ស.យ.ក បានចាត់តំណាងនាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB)។
សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ ស.ស.យ.ក ចំពោះជនមានពិការភាព តាមរយៈការផ្ដល់ជូននូវអំណោយឧបត្ថម្ភ និងព្យាយាមដោះស្រាយសំណូមពរ រួមទាំងតម្រូវការនានារបស់ពួកគាត់តាមដែលអាចធ្វើទៅបានផងដែរ។
សូមជម្រាបថា សមាគម វិទ្យុ និងទូរទស្សន៍សំឡេងជនពិការភ្នែកមានសមាជិកសរុបចំនួន ៩០នាក់។ បច្ចុប្បន្ន អង្គភាពនេះមានការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតនៅក្នុងរាជធានីភ្នំពេញ ព្រមទាំងមានសាខាចំនួន៤ផ្សេងទៀត នៅតាមបណ្តាខេត្តនានា ដូចជា៖ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ៕



















