មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
07-03-2026 11:47
(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» និងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគដល់យោធិននៃកងរាជអាវុធហត្ថខេត្តចំនួន ២៧នាក់។
ក្នុងនោះសោធននិវត្តន៍ចំនួន ២០នាក់ គ្រួសារអតីតកងរាជអាវុធហត្ថមរណៈចំនួន ០២គ្រួសារ និងកងរាជអាវុធហត្ថនារីចំនួន ០៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករចំនួន ០១បេ, មី ០២កេស, ទឹកបរិសុទ្ធវីអាក់ទីវចំនួន ០១កេស, ភេសជ្ជៈវីកូឡាចំនួន ០១កេស និងថវិកាចំនួន ១០០ ០០០រៀល។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទគ្រប់ៗគ្នា និងផ្ដាំផ្ញើមេបញ្ជាការគ្រប់អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទដែលមានការខ្វះខាតជួបការលំបាក ទាំងកំពុងបម្រើការងារ សោធននិវត្តន៍ និងគ្រួសារអតីតកងរាជអាវុធហត្ថដែលបានពលី មរណៈ មិនត្រូវបោះបង់ពួកគាត់ចោលនោះទេ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានធ្វើការចែកជូននូវឯកសណ្ឋាន (ជំនាញ) ប្រតិបត្តិការចំនួន ៥៤កំប្លេ ជូនដល់កម្លាំងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តផងដែរ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរង និងកម្លាំងកងអនុសេនាធំចល័តជាច្រើនរូបទៀតផងដែរ។ សរុបចូលរួមចំនួន ១៥៣នាក់ នាយទាហាន ៩៨នាក់ នាយទាហានរង ៥៥នាក់ ស្រី ០៥នាក់៕



































