ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ទទួលបានការទទួលស្គាល់គុណភាពអប់រំថ្មីបន្ថែមទៀត ពីស្ថាប័នអន្តរជាតិ
07-03-2026 13:41
(ភ្នំពេញ)៖ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយព្រះបញ្ញាញាណ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងការដឹកនាំរបស់លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបន្តជំរុញការអភិវឌ្ឍគុណភាពអប់រំ សម្រេចបានសមិទ្ធផលសំខាន់ថ្មីមួយទៀត លើឆាកអន្តរជាតិ។
ថ្មីៗនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានស្ថាប័នអន្តរជាតិសម្រាប់ការធានាគុណភាពអប់រំមុនឧត្តមសិក្សា និងឧត្តមសិក្សា (International Association for Quality Assurance in Pre-Tertiary and Higher Education – QAHE) ផ្តល់ជូននូវការទទួលស្គាល់គុណភាពអប់រំពេញលេញ (Full Accreditation) បន្ទាប់ពីបានឆ្លងកាត់ដំណើរការ វាយតម្លៃយ៉ាងម៉ត់ចត់លើផ្នែកសំខាន់ៗរួមមាន គុណភាពនិងសុចរិតភាពផ្នែកសិក្សា គុណវុឌ្ឍិគ្រូបង្រៀន ការអនុវត្តកម្មវិធីសិក្សា ការផ្តល់សេវាសម្រាប់និស្សិត និងប្រសិទ្ធភាពនៃបណ្តាញគេហទំព័ររបស់ស្ថាប័ន។
ការទទួលស្គាល់នេះ ត្រូវបានប្រគល់ជូនបន្ទាប់ពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានបំពេញទៅតាមស្តង់ដារដែលស្ថាប័នអន្តរជាតិបានកំណត់ ដោយគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំ។ សមិទ្ធផលដ៏មានតម្លៃនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ និងសមណនិស្សិត និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការលើកកម្ពស់គុណភាពអប់រំ ការគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័នឱ្យស្របតាមស្តង់ដារ។
នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការបន្តអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព ដើម្បីរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាព នៃវិស័យអប់រំកម្ពុជានៅលើឆាកអន្តរជាតិ៕











