ប្រកាសចូលកាន់មុខតំណែងលោក យន់ វុទ្ធី ជាប្រធានមន្ទីររ៉ែខេត្តត្បូងឃ្មុំ, មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ ផ្តាំឲ្យលុបបំបាត់រ៉ែអានាធិបតេយ្យ និងការបម្រើសេវាសាធារណៈឱ្យបានលឿន និងតម្លាភាព

07-03-2026 13:49

(ត្បូងឃ្មុំ)៖ លោក អ៉ិត ប្រាំង រដ្ឋលេខាធិការ តំណាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក យន់ វុទ្ធី ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ។

ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក កេង ប៊ុនណា អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។

នាឱកាសនោះលោក អ៉ិត ប្រាំង បានផ្តល់អនុសាសន៍ឱ្យលោកប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់លើការងារស្នូលពីរ គឺ «ការលុបបំបាត់រ៉ែអានាធិបតេយ្យ និងការបម្រើសេវាសាធារណៈឱ្យបានលឿន និងតម្លាភាព»

លោកបានណែនាំក្រើនរំលឹកធានាឱ្យបាននូវការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថិរភាព និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងត្រូវបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ដើម្បីជំរុញវិស័យរ៉ែ និងថាមពលក្នុងខេត្តត្បូងឃ្មុំ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

បន្ទាប់ពីទទួលត្រា និងអនុក្រឹត្យតែងតាំងជាផ្លូវការរួចមក, លោក យន់ វុទ្ធី ប្រធានមន្ទីរថ្មី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង-ខេត្ត ដែលបានផ្តល់ទំនុកចិត្តដល់រូបលោក។

ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តនេះ លោកប្រធានមន្ទីរថ្មី បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំនូវចំណុចគន្លឹះចំនួន៦ រួមមាន៖

*ទី១៖ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
*ទី២៖ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីគុណតម្លៃ និងផលប្រយោជន៍រួម។
*ទី៣៖ បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងវិស័យរ៉ែនិងថាមពល។
*ទី៤៖ លើកកម្ពស់ប្រសិទ្ធភាពការងារ តាមរយៈការគោរពតួនាទី ភារកិច្ច និងនីតិវិធីរដ្ឋបាលឱ្យបានខ្ជាប់ខ្ជួន។
*ទី៥៖ ធានាជោគជ័យនៃភារកិច្ច ដែលរាជរដ្ឋាភិបាល ក្រសួង និងខេត្តប្រគល់ជូន។
*ទី៦៖ ពិសេសបំផុត ប្តេជ្ញាពង្រឹងការកៀរគរចំណូលរដ្ឋ និង ចាត់វិធានការបង្ក្រាបរាល់សកម្មភាពអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ ក្នុងខេត្តត្បូងឃ្មុំឱ្យបានម៉ឺងម៉ាត់បំផុត។

ក្នុងឱកាសនោះលោក កេង ប៊ុនណា បានថ្លែងការកោតសរសើរមន្ត្រីមន្ទីររ៉ែ និងថាមពល ដែលបានខិតខំបំពេញភារកិច្ច ក៏ដូចជាការចូលរួមទប់ស្កាត់បទល្មើសរ៉ែខុសច្បាប់បានយ៉ាងល្អប្រសើរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ លោកបានផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មី ត្រូវក្តាប់ឱ្យជាប់នូវរាល់លិខិតបទដ្ឋានគតិយុត្តិ និងត្រូវដឹកនាំអង្គភាពដោយតម្លាភាព គណនេយ្យភាព និងព្រហ្មវិហារធម៌៕