លោក សំ លាងទ្រី៖ ស្រ្តីកម្ពុជាកាន់តែមានឱកាសបង្ហាញសមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងវិស័យនានា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល

07-03-2026 13:53

(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ស្រ្តីកម្ពុជាកាន់តែមានឱកាសបង្ហាញសមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងវិស័យនានា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ការថ្លែងរបស់លោក សំ លាងទ្រី ក្នុងឱកាសដែលលោក និងលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប អញ្ជើញចុលរួមជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ពិសេសមន្ត្រីរាជការជានារី ដែលកំពុងបម្រើការងារនៅរដ្ឋបាលស្រុកឆែប និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្នុងឱកាសពិធីអបអរសាទរខួបលើកទី១១៥ នៃ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព សន្តិសុខ ស្រ្តី និងគ្រួសារ»។

ក្នុងឱកាសនោះ លោក សំ លាងទ្រី បានថ្លែងថា ទិវាអន្តរជាតិនារី ៨មីនា គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការរំលឹកដល់ការតស៊ូ និងការចូលរួមយ៉ាងសកម្មរបស់ស្រ្តី ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងសន្តិភាព។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិ តួនាទី និងសមត្ថភាពរបស់ស្រ្តី ដើម្បីឱ្យស្រ្តីមានឱកាសស្មើភាពក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។

លោកបានថ្លែងបន្តថា ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ស្រ្តីកម្ពុជាកាន់តែមានឱកាសបង្ហាញសមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងវិស័យនានា ទាំងវិស័យសេដ្ឋកិច្ច សង្គម និងការងារសាធារណៈ។ លោកក៏បានលើកទឹកចិត្តឱ្យស្រ្តីទាំងអស់បន្តអភិវឌ្ឍសមត្ថភាពខ្លួន ធ្វើជាគំរូល្អក្នុងគ្រួសារ និងសង្គម ព្រមទាំងរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងភាពរឹងមាំនៃគ្រួសារ។

ជាមួយគ្នានេះ លោក សំ លាងទ្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ស្រ្តីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចក្នុងគ្រួសារ សហគមន៍ និងសង្គម ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់៕