កូរ៉េខាងត្បូង មានបំណងយកកសិផលខ្មែរ ទៅលក់នៅទីផ្សារខ្លួន

07-03-2026 13:55

(ភ្នំពេញ)៖ លោកស្រីឧកញ៉ា បណ្ឌិត កែវ មុំ ប្រធានសភាមុខរបរមីក្រូនិងសហគ្រាសកម្ពុជា (CPMEC) បានលើកឡើងថា កូរ៉េខាងត្បូងមានបំណងយកកសិផលខ្មែរទៅលក់នៅលើទីផ្សារខ្លួន។

លោកស្រីបានលើកឡើងបែបនេះ ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា (MoU) រវាងសភាមុខរបរមីក្រូនិងសហគ្រាសកម្ពុជា (CPMEC) និងសមាគមអភិវឌ្ឍន៍អន្តរផ្លាស់ប្តូរអន្តរជាតិ International Interchange Development Association (IIDA) នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ។ បើតាមឧកញ៉ា កែវ មុំ អនុស្សារណៈនៃការយោគយល់គ្នាមួយនេះ មានគោលបំណងជួយជំរុញពាណិជ្ជកម្មរវាង ប្រទេសកម្ពុជានិងកូរ៉េ ឱ្យបានកាន់តែច្រើនឡើង។

នាឱកាសនោះឧកញ៉ា កែវ មុំ បានថ្លែងប្រាប់ភ្ញៀវអន្តរជាតិថា ទឹកដីខ្មែរ គឺជាទឹកដីអច្ឆរិយ ដែលអាចដាំផលិតផលនានាមានរសជាតិឆ្ងាញ់ មិនថាស្រូវ និងគ្រាប់ស្វាយចន្ទីរនោះទេ។ ជាក់ស្តែង កម្ពុជាបានប្រកួតឈ្នះគេ ជាប្រទេសដែលមានអង្ករមានរសជាតិឆ្ងាញ់ លើពិភពលោក ជាឧទាហរណ៍ស្រាប់។

សម្រាប់អ្នកជំនួញរូបនេះ យល់ឃើញថា កម្ពុជាមានសមត្ថភាពក្នុងការផលិតឲ្យមានផលិតផលដែលមានគុណភាព ប៉ុន្តែកម្ពុជាខ្វះយន្តការនាំចេញទៅអន្តរជាតិ។ ចំណុចនេះ​ លោកស្រីបានលើកឡើងពីមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (CTC - Cambodian Trade Center) ដែលលោកស្រីមានបំណងបង្កើតឡើង។

លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ មើលឃើញថា ឧស្សាហកម្មនៅកម្ពុជាយើងផលិតមិនចាញ់ផលិតផលនាំចូលទេ ប៉ុន្តែដោយសារពួកគាត់ជាខ្នាតតូច ដែលគ្មានសមត្ថភាពលក់ចែកចាញឲ្យធំទូលាយនៅក្នុងប្រទេស និងអន្តរជាតិ។ CTC អាចត្រូវបានបង្កើតឡើង ដើម្បីប្រមូលនូវផលិតផលដែលសមាជិកផលិតបាន យកមកដាក់ជាបណ្តុំ ដើម្បីផ្សព្វផ្សាយ និងលក់ក្នុងស្រុក និងទៅឆាកអន្តរជាតិ។

នាឱកាសនោះដែរ លោក ផល សុជាតិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានលើកឡើងថា កិច្ចសហការគ្នាមួយនេះ នឹងក្លាយជាកាតាលីករមួយ ជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាយ៉ាងសកម្មផងដែរ។ លោកបានឲ្យដឹងថា សព្វថ្ងៃ កម្ពុជាមានពលរដ្ឋ ៨០ភាគរយ រស់នៅជនបទ ហើយចំនួននោះភាគច្រើនប្រកបរបរកសិកម្ម។

ក្នុងន័យនេះ លោក ផល សុជាតិ ចង់ឃើញការយកផលិតផលគ្រឿងទេសកម្ពុជាទៅលក់នៅកូរ៉េខាងត្បូង ទោះរឿងនេះជារឿងតូចតាច តែវាបង្កើតផលចំណេញធំ។ លោកអគ្គនាយក បានអះអាងថា បច្ចុប្បន្នកម្មករនៅកូរ៉េខាងត្បូង ទៅពីកម្ពុជា ថៃ និងវៀតណាម មានប្រមាណ ៨០ម៉ឺននាក់ ក្នុងនោះកម្ពុជាមានច្រើនជាងគេ ហេតុនេះផលិតផលគ្រឿងទេសនោះនឹងក្លាយជាទំនិញសម្រាប់ពួកគាត់។

ចំណែកឯលោក ម៉ុន យ៉ុងចូ ប្រធាន IIDA បានលើកឡើងថា បន្ទាប់ពីបានឈ្វេងយល់ពីស្ថានភាពវិនិយោគនៅកម្ពុជា លោកមើលឃើញថាកម្ពុជា គឺជាប្រទេសដែលមានសក្តានុពលសម្រាប់វិនិយោគពិតមែន។ លោកសប្បាយចិត្តណាស់ ដែលបានចុះហត្ថលេខាជាមួយ CPMEC ដើម្បីជួយជំរុញពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងកូរ៉េឱ្យបានកាន់តែច្រើនឡើងបែបនេះ។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យ វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់ ដោយកម្ពុជាបាននាំចេញទំនិញដូចជា សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើង និងកៅស៊ូ ហើយនាំចូលទំនិញពីកូរ៉េដូចជា ក្រណាត់ត្បាញ រថយន្តដឹកទំនិញ គ្រឿងអេឡិចត្រូនិក និងផលិតផលប្លាស្ទិក៕