សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសខួបទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦

07-03-2026 14:03

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦នេះ។

សារលិខិតថ្វាយព្រះពរនោះមានខ្លឹមសារថា ៖ «ក្នុងឱកាសមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តម ដែលនារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចនារីនៅទូទាំងសកលលោក ចូលរួមអបអរខួបទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយ ព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ
ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងមានព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីជាម្លប់ដ៏ មហាត្រជាក់ត្រជំដល់ប្រជានុរាស្ត្រជាកូន ចៅ ចៅទួតរបស់ព្រះអង្គគ្រប់រូបជ្រកកោន ជានិច្ចនិរន្តរ៍។

ខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមអភិវន្ទថ្វាយនូវព្រះរាជ កតញ្ញូ កត់វេទិតាដ៏ជ្រាលជ្រៅបំផុត ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រោស ព្រះរាជទានព្រះរាជសារគាំទ្រប្រធានបទទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ រួមជាមួយការវាយតម្លៃខ្ពស់ ចំពោះ រាជរដ្ឋាភិបាលកម្ពុជាគ្រប់ៗអាណត្តិ បាននិងកំពុងបន្តវិនិយោគលើការលើកកម្ពស់សមភាពយេនឌ័រ និងការ បង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅក្នុងរបៀបវារ:គោលនយោបាយ និងយុទ្ធសាស្ត្រជាតិគ្រប់វិស័យ សំដៅ
ធានានូវគុណតម្លៃរបស់ស្ត្រីនៅក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ សមធម៌ និងបរិយាបន្ន។

ជាមួយគ្នានេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមប្តេជ្ញាចិត្តយាងដង្ហែតាមព្រះរាជវីរគំរូដ៏ឧត្តុង្គឧត្តម នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិមិត្តរូបនៃភាពទន់ភ្លន់ និងភាពរឹងមាំនៃព្រលឹងជាតិខ្មែរ ជារៀងដរាបតទៅ។

លើសពីនេះក្នុងវរោកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយលើកហត្ថ ប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវគារវភក្តីដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ពីខ្ញុំម្ចាស់ និងសហការី»៕