សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្ញើសារលិខិតជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា

07-03-2026 14:05

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦នេះ។

សារលិខិតជូនពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានខ្លឹមសារថា ៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ដែលនារីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក ចូលរួមអបអរខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”
ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្តេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងបុព្វហេតុជាតិ មាតុភូមិ ជារៀងដរាបតទៅ។

ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងគុណូបក្ការៈដ៏ធំធេង ដែល សម្តេចកិត្តិសង្គហបណ្ឌិត បានខិតខំ យកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធន៍ជ្រៅជ្រះ ចូលរួមចំណែកជាមួយថ្នាក់ដឹកនាំកំពូលៗ របស់ជាតិដឹកនាំប្រទេសប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហាន ស្វាហាប់គ្រប់ស្ថានភាពនយោបាយ និង ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញបរិបូរណ៍ ជូនជាតិ មាតុភូមិកម្ពុជា។ ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត គឺជានិមិត្តរូបនៃស្ត្រីកម្ពុជាដ៏ឆ្នើម ដែលស្ត្រីគ្រប់រូបបាននិង កំពុងសកម្មដើរតាមគំរូវីរភាព របស់ សម្តេច ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងក្នុងការលើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម ប្រកបដោយចីរភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីឧត្តម ប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។

ជាមួយគ្នានេះ ខ្ញុំ និងសហការី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រា បុត្រប្រសារ និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចកិត្តិសង្គហបណ្ឌិត ទទួលនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅពីខ្ញុំ និងសហការី»៕