សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា ក្នុងឱកាសខួបទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦
07-03-2026 14:08
(ភ្នំពេញ) ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតជូនពរសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦នេះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឱ្យដឹងនៅក្នុងសារលិខិតថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ដែលនារីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក ប្រារព្ធខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណវាងវៃ និងមានជន្មាយុយឺនយូរ ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជា ជារៀងដរាបតទៅ។
ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះ វីរភាពដ៏ឧត្តុង្គឧត្តម និងគុណូបក្ការៈដ៏ធំធេង របស់ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងការដឹកនាំសម្រេចបាននូវ វឌ្ឍនភាពរបស់ស្ថាប័នរដ្ឋសភា ក្នុងដំណើរការប្រកាន់យកលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិបាលកិច្ចល្អ ព្រមទាំង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេស ក្នុងការប្តេជ្ញាចិត្តថែរក្សា និងការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ឱ្យកាន់តែមានភាពរឹងមាំ ដែលជា មូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។
ជាមួយគ្នានេះ សម្តេចមហារដ្ឋសភាធិការធិបតី គឺជានិមិត្តរូបនៃស្ត្រីកម្ពុជា និងក្នុងភាពជាអ្នកដឹកនាំដ៏ឆ្នើម មានប្រាជ្ញាឈ្លាសវៃ អង់អាចក្លាហាន មោះមុត ទន់ភ្លន់ថ្លៃថ្នូរ ដែលស្ត្រីកម្ពុជា ស្ត្រីនៅលើពិភពលោកគ្រប់រូបស្ងើចសរសើរ ហើយបាននិងកំពុងដើរតាមគំរូវីរភាព របស់ សម្តេច ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការលើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម ប្រកបដោយចីរភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនាព្រះមហាក្សត្រ។
ជាងនេះទៅទៀត ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃទិវាអន្តរជាតិនារី ឆ្នាំ២០២៦នេះ ខ្ញុំ និងសហការី សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយ អភិបាលប្រោះព្រំ គ្រងរក្សា សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបាន ប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចមហារដ្ឋសភាធិការធិបតី ទទួលនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅពីខ្ញុំ និងសហការី»៕





