សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា
07-03-2026 14:13
(ភ្នំពេញ) ៖ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ។
ក្នុងឱកាសមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តម ដែលនារីនៅព្រះរាជាណាចក្រកម្ពុជា និងនៅទូទាំងសកលលោក ប្រារព្ធខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ យើងខ្ញុំជាសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល អគ្គលេខាធិការដ្ឋាន និងមន្ត្រី អ្នកស្ម័គ្រចិត្ត យុវជននៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហា ប្រសើរគ្រប់ប្រការ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងមានជន្មាទីឃាយុយឺនយូរ ដើម្បីបុព្វហេតុមនុស្សធម៌នាំមុខគេនៅកម្ពុជា។
ជាងនេះទៅទៀត «ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវគារវកិច្ចដឹង គុណដ៏ជ្រាលជ្រៅ និងសូមគោរពកោតស្ញប់ស្ញែងយ៉ាងក្រៃលែង ចំពោះគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការតស៊ូជម្នះរាល់ការលំបាក ឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានសន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ។ ជាក់ស្តែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន មានសេចក្តីក្លាហានមោះមុត ចូលរួម ចលនាតស៊ូដឹកនាំដោយ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំង បានចូលរួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការតស៊ូយកជីវិតធ្វើជាដើមទុន រំដោះ ជាតិពីរបបប្រល័យពូជសាសន៍ រហូតសម្រេចបានការអភិវឌ្ឍដូចបច្ចុប្បន្ន។
លើសពីនេះទៀត សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប្រធាន គឺជាគំរូនៃស្ត្រីកម្ពុជាមួយរូប ដែលតែងតែបាន់ប្រកាន់ខ្ជាប់ឆន្ទៈមនុស្សធម៌ ទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា លើកស្ទួយសីលធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ស្ត្រីកម្ពុជា ជាពិសេស ក្នុងការ លើកកម្ពស់សមភាពយេនឌ័រ ឋានៈ តួនាទីរបស់ស្ត្រី និងគ្រួសារខ្មែរ ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត ក់សាង និងរក្សាសន្តិភាព និងសន្តិសុខ ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។
នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី បុត្រប្រសារ និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន មេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ពីយើងខ្ញុំទាំងអស់គ្នា»៕





