ក្រុមសេនាតេជោសន្តិភាព នាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន៤,០០០កេស ជូនវីរកងទ័ព និងវីរនគរបាល ឈរជើងនៅជួរមុខនៅថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
07-03-2026 14:41
(ពោធិ៍សាត់)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន៤,០០០កេស ជូនដល់វីរកងទ័ព និងវីរនគរបាល ដែលកំពុងឈរជើងនៅជួរមុខនៅថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះលោក កែវ ផុង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលលោកតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់វីរកងទ័ព និងវីរនគរបាលទាំងអស់ កំពុងឈរជើងជួរមុខ។
លោក កែវ ផុង បានសម្តែងការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរកងទ័ពនូវវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោក កែវ ផុង ក៏បានជូនពរឱ្យវីរកងទ័ព និងវីរនគរបាលទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង៕






















