លោកបណ្ឌិត ជា មុនីឫទ្ធិ៖ កម្ពុជា ទទួលបានអត្ថប្រយោជន៍៤យ៉ាង ពីលទ្ធផលនៃមហាសន្និបាតចិន
07-03-2026 14:51
(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញឲ្យឃើញថា កម្ពុជា អាចទទួលបានអត្ថប្រយោជន៍៤យ៉ាង ពីលទ្ធផលនៃមហាសន្និបាតលើកទី៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ នៅខែមីនា ឆ្នាំ២០២៦នេះ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិតមកកាន់បណ្ដាញព័ត៌មាន Fresh News។
ក្នុងពេលដែលស្ថានភាពពិភពលោក កំពុងប្រែប្រួល កាន់តែខ្លាំង ដំណោះស្រាយជាសកល និងអន្តរជាតិ គឺជាតម្រូវការចាំបាច់បំផុត ដើម្បីស្តារសន្តិភាព សន្តិសុខ និង ស្ថិរភាពឡើងវិញ។ ក្នុងនាមអ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន នូវអត្ថប្រយោជន៍សំខាន់ៗ៤យ៉ាងដែលកម្ពុជាអាចទទួលបានមានដូចជា៖
១. ការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដែលអាចបន្តជំរុញគម្រោងវិនិយោគ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសក្រោមក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី តំបន់ និងពហុភាគី។
២. ការចែករំលែកបទពិសោធន៍នៃការកាត់បន្ថយភាពក្រីក្រ ដូចដែលយើងបានពីលទ្ធផលនៃ ការកាត់ បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទរបស់ប្រទេសចិន អាចជាគំរូយោងសម្រាប់កម្ពុជា ក្នុងដំណាក់កាលអភិវឌ្ឍថ្មី។
៣. ការរួមគ្នាពង្រឹងសន្តិសុខ និងស្ថិរភាពតំបន់ ដូចទៅនឹងជំហររួមគ្នាទាំងកម្ពុជា-ចិន សុទ្ធតែបានគាំទ្រដល់ស្មារតីសន្តិភាព និងជំរុញល្បឿននៃការអភិវឌ្ឍរួម ដែលអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមកិច្ចកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
៤. ការពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នោះយើងអាចយល់ច្បាស់ថា លទ្ធផលនៃមហាសន្និបាតអាច បន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកអប់រំ វប្បធម៌ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស រវាងកម្ពុជា-ចិន ហើយសមាគមមិត្តភាពកម្ពុជា-ចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាគមអតីតនិស្សិតកម្ពុជា សិក្សាពីប្រទេសចិន អាចរួមចំណែកលើរង្វង់នៃកិច្ចសហប្រតិបត្តិការនេះបានយ៉ាងល្អប្រសើរ។
សម្រាប់លោកបណ្ឌិត ជា មុនីឫទ្ធិ មហាសន្និបាតលើកទី៤នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ មិនត្រឹមតែជាព្រឹត្តិការណ៍ នយោបាយសំខាន់ក្នុងទម្រង់ប្រជាធិបតេយ្យតាមបែបផែនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យយុទ្ធសាស្ត្រសម្រាប់ដៃគូអភិវឌ្ឍដូចជាកម្ពុជា ក្នុងការចែករំលែកកាលានុវត្តភាពអភិវឌ្ឍ និងការរួមចំណែកដល់សន្តិភាព និងស្ថិរភាពពិភពលោក៕






