មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងប្រគល់វត្ថុអនុស្សាវរីយ៍ជូនយោធិនជាស្រ្តី អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦
07-03-2026 14:51
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ ដោយគោរពតាមការដឹកនាំប្រកបដោយមនោសញ្ចេតនា និងការយកចិត្តទុក្ខដាក់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់វត្ថុអនុស្សាវរីយ៍អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
នៅក្នុងពិធីនេះក៏មានអញ្ជើញចូលរួមពីលោក មេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយ នាយរងដែលមានការពាក់ព័ន្ធ។
សម្រាប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មានយោធិននារីចំនួន០៥នាក់ គ្រួសារយោធិនចំនួន០៥គ្រួសារ ក្នុងម្នាក់ៗទទួលបានបាច់ផ្កា និងថវិកា៤០ម៉ឺនរៀល អ្នករៀបចំម្ហូបអាហារ ម្នាក់ទទួលបានបាច់ផ្កា និងថវិកា ២០ម៉ឺនរៀល សរុបថវិកា ៤,៩០០,០០០រៀល។
មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ បានថ្លែងថា ឆ្នាំនេះទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ធ្វើឡើងក្នុងគោលបំណងរំលេចពីសារៈសំខាន់ មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បងនាំឱ្យស្រ្តី និងក្រុមគ្រួសារទទួលបានការរស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលជាកត្តាជំរុញ ដល់ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងការកសាង ថែរក្សា និងការពារសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាព។
នៅក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានចាត់មេបញ្ជាការរង២រូប ចុះនាំយកសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនគ្រួសារយោធិន ចូលនិវត្តន៍ និងយោធិនពិការ មានជំងឺសម្រាកព្យាបាលនៅផ្ទះ ចំនួន ០៧គ្រួសារ ដោយក្នុង ០១គ្រួសារទទួលបានថវិកាចំនួន ៤០០,០០០រៀល អង្ករ១បេ, មីជាតិ១កេស, ទឹកសុទ្ធ២កេស, ភេសជ្ជៈ២យួរ, ទឹកស៉ីអ៉ីវ២យួរ, ទឹកត្រី២យួរ។ សរុបជាថវិកាទាំងអស់ចំនួន ១០,១៧១,០០០រៀល៕





























