ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤២គ្រួសារនៅឃុំភ្នំសំពៅ និងឃុំស្នឹង ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់
07-03-2026 15:02
(បាត់ដំបង)៖ ដោយអនុវត្តតាមការណែនាំរបស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដឹកនាំដោយលោក ស្រេង សុខា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ើងតំបូលចំនួន៤២គ្រួសារ មកពី៧ភូមិ ក្នុងឃុំភ្នំសំពៅចំនួន២៣ខ្នងផ្ទះ និងឃុំស្នឹងចំនួន១៩ខ្នងផ្ទះ ដែលរងផលប៉ះពាល់ កាលពីល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦កន្លងទៅ។
ថ្លែងក្នុងឱកាសសំណេះសំណាលនេះ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុក បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់ពលរដ្ឋ ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
លោកប្រធានអនុសាខា បានបន្តទៀតថា ជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណា មានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ទន្ទឹមនោះ លោក ស្រេង សុខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំអស់មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសសូមមេត្តាថែទាំសុខភាពឲ្យបានល្អ ថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ។ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ ដោយគ្មានការរើសអើងមិនប្រកាន់វណ្ណៈពណ៌សម្បុរជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស គ្រឿងទេស១កញ្ចប់។ ដោយឡែកប្រជាពលរដ្ឋរងគ្រោះស្នឹង បានបន្ថែមស័ង្កសីមួយចំនួនពីក្រុមការងារចុះមូលដ្ឋានឃុំស្នឹងផងដែរ៕










