ហ្លូងម៉ែ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះការថ្វាយសព្ទសាធុការពរជ័យ ផ្កាស្រស់ ក្នុងឱកាសទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៦
07-03-2026 15:13
(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ បានផ្ញើព្រះរាជសារ ថ្លែងអំណរព្រះគុណ អរគុណដ៏ជ្រាលជ្រៅ ចំពោះលិខិតថ្វាយសព្ទ សាធុការពរជ័យ និងផ្កាដ៏ល្អស្រស់នៅក្នុងឱកាសខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦។
ហ្លូងម៉ែ បានមានព្រះរាជបន្ទូលថាយ៉ាងដូច្នេះថា៖
«សូមថ្វាយ និងជំរាបជូនជ្រាបថា ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ កំពុងបានទទួលការព្យាបាលថែទាំយ៉ាង ហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យចិនដ៏ចំណាននៃមន្ទីរពេទ្យប៉េកាំង។
ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយ-ប្រគេនពរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរ ជូនបងប្អូនជនរួមជាតិទាំងអស់ នៅក្នុងឱកាសខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ សូមបានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕





