អភិបាលខេត្តកំពង់ធំ ប្រាប់ប្រជាពលរដ្ឋសូមបញ្ឈប់ ការរុករៀនទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន

07-03-2026 16:39

(កំពង់ធំ)៖ ក្នុងពិធីផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ញត្តិនានាពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងដីតំបន់៣នៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិគោកត្របែក ស្រុកតំាងគោក ខេត្តកំពង់ធំ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋ សូមបញ្ឈប់ការរុករៀនទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

លោក នួន ផារ័ត្ន បានពាំនាំផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ទោះបងប្អូននៅ តំបន់ដាច់ស្រយាល ក៏មានមន្រ្តីចុះទៅដល់ ដើម្បីដឹងពីសុខទុក្ខ និងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោកអំពាវនាវប្រជាពលរដ្ឋ ត្រូវអនុវត្តតាមច្បាប់ពាក់ព័ន្ធនឹងដីធ្លី ដោយកុំនាំគ្នារំលោភបំពាន លើដីតំបន់៣ ដែលច្បាប់ហាមឃាត់ នាំមានទោសទណ្ឌដល់ខ្លួនផងដែរ និងប្រជានេសាទទាំងអស់ សូមអនុវត្តតាមការណែនាំ របស់មន្ត្រីជំនាញ ឱ្យបានត្រឹមត្រូវចំពោះការនេសាទ និងសូមកុំប្រើឧបករណ៍ណាដែលច្បាប់ហាមឃាត់ និងសូមអនុវត្តទៅតាមការអប់រំណែរបស់មន្ត្រីជំនាញស្ដីពីជលផល។

លោកបានថ្លែងអំណរគុណទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក ដែលតែងចូលរួមសហការ ជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល ក្នុងការចុះបង្ក្រាបនូវរាល់សកម្មភាព បទល្មើសនេសាទ នាពេលកន្លងមក និងពេលបច្ចុប្បន្ននេះ។

លោក នួន ផារ័ត្ន បានជំរុញបងប្អូនប្រជាកសិករទាំងអស់ សូមចូលរួមសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធឱ្យបានត្រឹមត្រូវ កុំរុករៀនទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង នៅក្នុងមូលដ្ឋាន ពាក់ព័ន្ធនឹងការឈូសឆាយដីរដ្ឋនេះ សូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ដើម្បីឱ្យជំនាញចុះទៅទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕