អភិបាលខេត្តស្ទឹងត្រែង ចាត់ឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចចុះពិនិត្យ ណែនាំម្ចាស់ស្ថានីយប្រេងឥន្ធនៈកុំតម្លើងថ្លៃខុសប្រក្រតី និងមិនស្របតាមគោលការណ៍ក្រសួងពាណិជ្ជកម្ម
07-03-2026 20:48
(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញណែនាំស្តីពីការអនុវត្តវិធានការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ក្នុងដែនសមត្ថកិច្ចខេត្តស្ទឹងត្រែង។ ក្នុងនោះ អភិបាលខេត្តស្ទឹងត្រែង បានចាត់ឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចចុះពិនិត្យ ណែនាំម្ចាស់ស្ថានីយប្រេងឥន្ធនៈកុំតម្លើងថ្លៃខុសប្រក្រតី និងមិនស្របតាមគោលការណ៍ក្រសួងពាណិជ្ជកម្ម។
ស្ថិតក្នុងស្ថានភាពការងារចាំបាច់នេះ រដ្ឋបាលខេត្តស្ទឹងត្រែង សូមដាក់ចេញគោលការណ៍ណែនាំសំខាន់ៗដល់ផ្នែកមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងគ្រប់អ្នកពាក់ព័ន្ធ ដូចខាងក្រោម៖
ទី១៖ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងផ្នែកមានសមត្ថកិច្ច ត្រូវចុះអប់រំ ផ្សព្វផ្សាយណែនាំដល់គ្រប់ម្ចាស់ក្រុមហ៊ុន ស្ថានីយ ដេប៉ូលក់ប្រេងឥន្ធនៈទាំងអស់ក្នុងមូលដ្ឋាននីមួយៗឱ្យអនុវត្តបានខ្ជាប់ខ្ជួន ម៉ឺងម៉ាត់តាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចំពោះការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ឱ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់។
ទី២៖ រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងគ្រប់ស្រទាប់មហាជនក្នុងមូលដ្ឋានឱ្យចូលរួមគ្រប់គ្រងហានិភ័យនានាដែលអាចកើតមានឡើងជា យថាហេតុធានាបានការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ និងចៀសវាងដាច់ខាតការសម្រុកទិញ ប្រេងឥន្ធនៈស្តុកទុកដោយពុំមានការចាំបាច់ ដែលអាចប្រឈមនឹងការគ្រប់គ្រងប្រើប្រាស់ប្រេងឥន្ធនៈ បង្កឱ្យមានគ្រោះអាសន្ននានានាំឱ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
ទី៣៖ មន្ទីរ អង្គភាពជំនាញមានសមត្ថកិច្ច ត្រូវចុះជួបពិភាក្សាជាប់ជាប្រចាំជាមួយម្ចាស់ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈដើម្បីក្តាប់បានស្ថានភាពជាក់ស្តែង និងណែនាំលើកទឹកចិត្តឱ្យប្រតិបត្តិការលក់ ប្រេងឥន្ធនៈប្រកបដោយគុណភាពតាមបទដ្ឋានកំណត់ និងគោរពគោលការណ៍តម្លៃលើទីផ្សារដោយមិនត្រូវ ឆ្លៀតឱកាសតម្លើងថ្លៃខុសប្រក្រតី ឬមិនស្របតាមគោលការណ៍ ជូនប្រជាពលរដ្ឋ និងអតិថិជននោះទេ។
ទទួលបានសេចក្តីណែនាំនេះ សូមមន្ទីរ អង្គភាពពាក់ព័ន្ធ ផ្នែកមានសមត្ថកិច្ច និងរដ្ឋបាល ក្រុង ស្រុក ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព និងធ្វើសេចក្តីរាយការណ៍បន្តបន្ទាប់មករដ្ឋបាលខេត្ត ដើម្បី មានមូលដ្ឋាន និងដាក់ចេញវិធានការដឹកនាំ៕






