សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សម្រេចបានសមិទ្ធផលធំៗចំនួន ៥ និងរក្សាបាននូវសមាជិកភាព ៥៥ក្រុមហ៊ុន ដែលជាសញ្ញាណបង្ហាញពីទំនុកចិត្ត
07-03-2026 21:06
(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានលើកឡើងពីសមិទ្ធផលធំៗ ៥ ដែលសមាគមសម្រេចបាន និងរក្សាបាននូវសមាជិកភាព ៥៥ក្រុមហ៊ុនដែលជាសញ្ញាណបង្ហាញពីទំនុកចិត្ត។
ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងពិធីស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រោមអធិបតី លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នាឱកាសនោះ លោកអ្នកឧកញ៉ា បានមានប្រសាសន៍ថា ក្នុងបរិយាកាសនេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានខិតខំប្រឹងប្រែងដោយភាពហ្មត់ចត់ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីពង្រឹងការសម្របសម្រួលក្នុងចំណោមសមាជិក-សមាជិកា លើកកម្ពស់ការអនុវត្តតាមបទប្បញ្ញត្តិនានា គាំទ្រដល់កិច្ចសន្ទនាគោលនយោបាយប្រកបដោយការស្ថាបនា ជាមួយក្រសួងពាក់ព័ន្ធ និងធនាគារជាតិនៃកម្ពុជា ព្រមទាំងតស៊ូមតិដើម្បីទទួលបានវិធានការគាំទ្រជាក់ ស្តែងសម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកទិញលំនៅឋាន។
លោក បានបន្តថា សមាជិកភាពរបស់យើងបច្ចុប្បន្ន រក្សាបាននូវចំនួនរហូតដល់ ៥៥ក្រុមហ៊ុន ដែលឆ្លុះបញ្ចាំងពីការបន្តកើនឡើងនៃទំនុកចិត្តលើតួនាទី និងបេសកកម្មរបស់សមាគម។
លោកអ្នកឧកញ៉ា លី ហួរ បានថ្លែងថា ក្នុងឆ្នាំ២០២៥ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដូចខាងក្រោម៖
ទី១៖ រក្សាបាននូវសមាជិកភាពរហូតដល់ ៥៥ក្រុមហ៊ុន ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តលើសមាគមក្នុងការជួយពង្រឹងកេរ្តិ៍ឈ្មោះ និងឥទ្ធិពលរបស់សមាគមក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា
ទី២៖ បានចូលរួមយ៉ាងសកម្មជាមួយធនាគារជាតិនៃកម្ពុជា និងក្រសួងពាក់ព័ន្ធ ដើម្បីតស៊ូមតិ និងគាំទ្រដល់កញ្ចប់វិធានការគាំទ្រ ៨ចំណុចរបស់រាជរដ្ឋាភិបាល ការអនុគ្រោះពន្ធសម្រាប់អចលនទ្រព្យ ដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារអាមេរិក និងការលើកទឹកចិត្តសម្រាប់អ្នកទិញលំនៅឋានដំបូង ដែលមានតម្លៃរហូតដល់ ២១ម៉ឺនដុល្លារអាមេរិក
ទី៣៖ បានផ្តល់មតិយោបល់ស៊ីជម្រៅលើច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យនេះ ដើម្បីធានាឱ្យបាននូវការអនុវត្តលើការអភិវឌ្ឍប្រកបដោយចីរភាព មានសណ្តាប់ធ្នាប់ និងត្រឹមត្រូវតាមច្បាប់ ក្នុងចំណោមសមាជិករបស់យើង
ទី៤៖ បានរៀបចំកិច្ចប្រជុំចំគោលដៅ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសំណង់ បញ្ហាពន្ធដារ និងឧបសគ្គនៃការអភិវឌ្ឍនានា ដែលប៉ះពាល់ដល់ក្រុមហ៊ុនសមាជិក
ទី៥៖ បានបំពេញកាតព្វកិច្ចសង្គម តាមរយៈការបរិច្ចាគសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផា និងការគាំទ្រ ស្មារតីសាមគ្គីជាតិដល់វីរកងទ័ពជួរមុខ និងសហគមន៍ដែលរងផលប៉ះពាល់ជាដើម៕

















