សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រៀបចំយុទ្ធសាស្ត្រ ៥ចំណុច ដើម្បីកសាងទំនុកចិត្ត និងពង្រឹងគ្រឹះនៃវិស័យលំនៅឋាន និងបុរីសម្រាប់រយៈពេលវែង
07-03-2026 21:20
(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា សមាគមនឹងរៀបចំយុទ្ធសាស្ត្រ ៥ចំណុច ដើម្បីកសាងទំនុកចិត្ត និងពង្រឹងគ្រឹះនៃវិស័យលំនៅឋាន និងបុរីសម្រាប់រយៈពេលវែង។
ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងពិធីស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រោមអធិបតី លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ថ្លែងទៅកាន់អង្គពិធី លោកអ្នកឧកញ៉ា បានមានប្រសាសន៍ថា សម្រាប់ទិសដៅយុទ្ធសាស្រ្តឆ្នាំ២០២៦ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងអនុវត្តនូវយុទ្ធសាស្ត្រអាទិភាពគោលចំនួន ៥ ដែលមានលក្ខណៈជាក់ស្តែង ប្រទាក់ក្រឡាគ្នា អាចវាស់វែងបាន និងស្របតាមតថភាពនៃទីផ្សារ ដើម្បីផ្តល់តម្លៃប្រកបដោយតុល្យភាព តាមរយៈសាមគ្គីភាព និងចូលរួមគាំទ្រក្នុងចំណោមសមាជិក និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ព្រមទាំងដៃគូ អន្តរជាតិ។
លោក បានបញ្ជាក់ថា «គោលបំណងរបស់យើង មិនត្រឹមតែដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែ គឺដើម្បីកសាងទំនុកចិត្តឡើងវិញ និងពង្រឹងគ្រឹះនៃវិស័យលំនៅឋាន និងបុរីសម្រាប់រយៈពេលវែង»។
សូមជម្រាបថា យុទ្ធសាស្ត្រអាទិភាពគោលទាំង ៥ចំណុច រួមមាន៖
ទី១៖ ស្ថិរភាពទីផ្សារលំនៅឋាន (ជាដំបូង)៖ យើងនឹងផ្តល់អាទិភាពដល់ស្ថិរភាពទីផ្សារ។ យើង ជាពិសេសការកំណត់តម្លៃប្រកប នឹងលើកទឹកចិត្តដល់ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ ដោយតថភាព ការបែងចែកដំណាក់កាលគម្រោងដោយហ្មត់ចត់ និងការគ្រប់គ្រងស្តុកលំនៅឋានឱ្យ បានល្អប្រសើរ។ យើងចង់ស្តារទំនុកចិត្តក្នុងចំណោមអ្នកទិញ និងវិនិយោគិន ដោយធានាថាទីផ្សារ មានសណ្តាប់ធ្នាប់ តម្លាភាព និងនិរន្តរភាព។
ទី២៖ ពង្រឹងអភិបាលកិច្ច និងវិជ្ជាជីវៈ (ទីពីរ)៖ យើង នឹងពង្រឹងអភិបាលកិច្ច និងវិជ្ជាជីវៈនៅតាមបណ្តាក្រុមហ៊ុនជាសមាជិក។ កិច្ចការនេះ រួមមានការពង្រឹងវប្បធម៌អនុលោមភាព ការកែលម្អការ គ្រប់គ្រងគម្រោង ការធានាគុណភាពសំណង់ឱ្យកាន់តែប្រសើរ និងការអនុវត្តអាជីវកម្មឱ្យកាន់តែមាន តម្លាភាព។ វិស័យដែលមានវិជ្ជាជីវៈខ្ពស់នឹងទទួលបានទំនុកចិត្តពីសាធារណជន ហើយទំនុកចិត្តនេះ គឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ការរីកចម្រើនរយៈពេលវែង។
ទី៣៖ កែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទាន (ទីបី)៖ យើងនឹងខិតខំកែលម្អលទ្ធភាពទទួលបាន ហិរញ្ញប្បទាន។ សមាគម នឹងបន្តកិច្ចសន្ទនាជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ ដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែងដែលគាំទ្រទាំងអ្នកទិញផ្ទះ និងអ្នកអភិវឌ្ឍន៍ ជា ពិសេសលទ្ធភាពទទួលបានឥណទានគេហដ្ឋាន យន្តការផ្តល់កម្ចីដែលសមស្រប និងរចនាសម្ព័ន្ធ ហិរញ្ញប្បទានដែលឆ្លុះបញ្ចាំងពីស្ថានភាពទីផ្សារជាក់ស្តែង។
ទី៤៖ លើកកម្ពស់ការអភិវឌ្ឍបៃតង និងនិរន្តរភាព (ទីបួន)៖ យើងនឹងលើកកម្ពស់ការអភិវឌ្ឍបៃតង និងនិរន្តរភាព។ សមាគម នឹងលើកទឹកចិត្តសមាជិកឱ្យអនុវត្តការប្រើប្រាស់ថាមពលប្រកបដោយ ប្រសិទ្ធភាព និងទំនួលខុសត្រូវចំពោះបរិស្ថាន ដែលជួយកែលម្អគុណភាពរស់នៅ កាត់បន្ថយចំណាយ ប្រតិបត្តិការសម្រាប់ម្ចាស់ផ្ទះ និងស្របតាមស្តង់ដារសកលដែលកំពុងលេចឡើង។ នេះមិនមែនគ្រាន់ តែជានិន្នាការនោះទេ ប៉ុន្តែវាគឺជាទិសដៅចាំបាច់សម្រាប់ការអភិវឌ្ឍទីក្រុងទំនើប និងបរិដ្ឋានល្អ
ទី៥៖ បង្កើនកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងដៃគូអន្តរជាតិ (ទីប្រាំ)៖ យើងនឹង ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល និងពង្រីកការផ្សារភ្ជាប់ជាមួយដៃ គូអន្តរជាតិ។ ក្នុងស្រុក យើងនឹងបន្តគាំទ្រដល់ការអនុវត្តគោលនយោបាយ និងការសម្របសម្រួល ប្រកបដោយការស្ថាបនាជាមួយក្រសួងពាក់ព័ន្ធ។
ក្នុងកម្រិតអន្តរជាតិ សមគមនឹងចាត់វិធានការសកម្មជាងមុន៖ សមាគមមានផែនការរៀបចំទស្សនកិច្ចនៅបរទេស និងបេសកកម្មកៀងគរការវិនិយោគ ជួបពិភាក្សាផ្ទាល់ជាមួយដៃគូ និងវិនិយោគិនសក្តានុពល និងអញ្ជើញពួកគេមកកាន់កម្ពុជាដើម្បីស្វែងរកឱកាសពិតប្រាកដជាមួយក្រុមហ៊ុនជាសមាជិករបស់យើង។
លោកអ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា យើងចង់ឱ្យវិស័យលំនៅឋានរបស់កម្ពុជា ត្រូវបានយល់ដឹងយ៉ាងច្បាស់លាស់ ផ្អែកលើអង្គហេតុ សក្តានុពល និងការអភិវឌ្ឍរយៈពេលវែង៕


















