មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាលជាមួយអាវុធហត្ថនារី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
08-03-2026 08:17
(កំពង់ស្ពឺ)៖ ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពុងស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពជួបសំណេះ សំណាល ជាមួយអាវុធហត្ថនារី ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ។ ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភដល់អាវុធហត្ថនារី ចំនួន០៤នាក់ ក្នុងម្នាក់ទទួលបាន ថវិកា១០០,០០០រៀល, ទឹកសុទ្ធ ៥កេសមី ៥កេស, ទឹកផ្លែឈើ +ភេសជ្ជៈ ៥កេស សរុបថវិកា ៤០០,០០០រៀល។
មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងថា ឆ្នាំនេះទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ធ្វើឡើងក្នុងគោលបំណងរំលេចពីសារៈសំខាន់ មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បងនាំឱ្យស្រ្តី និងក្រុមគ្រួសារទទួលបានការរស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលជាកត្តាជំរុញ ដល់ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងការកសាង ថែរក្សា និងការពារសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាព៕























