មន្ទីរសុខាភិបាលខេត្តព្រះវិហារ រៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា
08-03-2026 08:20
(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដើម្បីលើកកម្ពស់តួនាទី និងសិទ្ធិស្ត្រីក្នុងវិស័យសុខាភិបាល ក៏ដូចជាការរួមចំណែករបស់ស្ត្រីក្នុងការអភិវឌ្ឍសង្គម និងគ្រួសារ។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ព្រមទាំងភរិយា និងមន្ត្រីសុខាភិបាល មន្ត្រីកិច្ចសន្យា ជាស្ត្រីមកពីអង្គភាពទាំងបីខាងលើជាច្រើនរូប។
ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលរំលឹកដល់ការតស៊ូ និងការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងការអភិវឌ្ឍសង្គម។ ជាពិសេស ស្ត្រីដែលបម្រើការងារ ក្នុងវិស័យសុខាភិបាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម។
លោកប្រធានមន្ទីរសុខាភិបាល បានកោតសរសើរមន្ត្រីសុខាភិបាលជាស្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ និងមានវិជ្ជាជីវៈ ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ។
ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងលើកទឹកចិត្តឱ្យស្ត្រីទាំងអស់បន្តអភិវឌ្ឍសមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារសុខាភិបាល ដើម្បីរួមចំណែករក្សាសុខភាពសាធារណៈ និងការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕





























