ដានកាបូន (Carbon Footprint)៖ សន្ទស្សន៍នៃវិបត្តិបរិស្ថានដែលយើងមិនគួរមើលរំលង
08-03-2026 09:14
(ភ្នំពេញ)៖ ដានកាបូន (Carbon Footprint) ជាបរិមាណសរុបនៃឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញទៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំដោយមនុស្សម្នាក់ គ្រួសារមួយ អគារមួយ ស្ថាប័នមួយ ឬក្រុមហ៊ុនមួយ។ ដានកាបូនរបស់មនុស្សម្នាក់ៗមានជាអាទិ៍ ការបញ្ចេញផ្ទះកញ្ចក់ពីប្រេងឥន្ធនៈប្រើប្រាស់ផ្ទាល់ដោយបុគ្គលម្នាក់ៗ ដូចជាតាមរយៈឧបករណ៍អគ្គិសនីក្នុងផ្ទះ ឬយានយន្ត។
បរិមាណនេះរួមបញ្ចូលផងដែរនូវឧស្ម័នផ្ទះកញ្ចក់ពីការផលិតទំនិញ ឬសេវាកម្មដែលបុគ្គលនោះប្រើប្រាស់ ស្ថានីយផលិតថាមពលអគ្គិសនី រោងចក្រផលិតនានា និងទីលានចាក់សំរាម។
ជារួម ដានកាបូន មានន័យថា បរិមាណឧស្ម័នផ្ទះកញ្ចក់សរុប ជាពិសេសឧស្ម័នកាបូនឌីអុកស៊ីត (CO₂) ដែលត្រូវបានបញ្ចេញទៅក្នុងបរិយាកាស ដោយសារសកម្មភាពរបស់មនុស្ស។ ការបញ្ចេញឧស្ម័នទាំងនេះ កើតឡើងពីសកម្មភាពប្រចាំថ្ងៃ ដូចជាការបើកបរយានយន្ត ការប្រើប្រាស់អគ្គិសនី ការផលិតទំនិញ និងការផលិតអាហារ។ ខណៈដែលតម្រូវការថាមពលនៅលើពិភពលោកកំពុងកើនឡើង ដានកាបូនក៏បានក្លាយជាមូលហេតុសំខាន់មួយនៃការប្រែប្រួលអាកាសធាតុ។
១៖ មូលហេតុចម្បងនៃការកើនឡើង
មូលហេតុសំខាន់មួយនៃការបញ្ចេញឧស្ម័នកាបូន គឺការដុតឥន្ធនៈហ្វូស៊ីល ដូចជា ថ្មអគ្គិសនី ប្រេង និងឧស្ម័នធម្មជាតិ។ ឥន្ធនៈទាំងនេះ ត្រូវបានប្រើដើម្បីបង្កើតថាមពលសម្រាប់ការដឹកជញ្ជូន ឧស្សាហកម្ម និងរោងចក្រផលិតអគ្គិសនីនៅជុំវិញពិភពលោក។ ការកាប់បំផ្លាញព្រៃឈើ ក៏បង្កើនដានកាបូនផងដែរ ព្រោះដើមឈើដែលធ្លាប់ស្រូបយកឧស្ម័នកាបូនិកត្រូវបានបំផ្លាញ ធ្វើឱ្យឧស្ម័នផ្ទះកញ្ចក់នៅសល់ក្នុងបរិយាកាសកាន់តែច្រើន។
២៖ ផលប៉ះពាល់ជាសកល
សីតុណ្ហភាពពិភពលោកកើនឡើង ការរលាយទឹកកកនៅតំបន់ប៉ូល ព្រឹត្តិការណ៍អាកាសធាតុខ្លាំង និងការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រទាំងនេះសុទ្ធតែទាក់ទងនឹងការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់។ បាតុភូតអាកាសធាតុដ៏អាក្រក់គ្រោះមហន្តរាយធម្មជាតិដូចជា គ្រោះរាំងស្ងួត និងទឹកជំនន់ខុសប្រក្រតី គំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពសេដ្ឋកិច្ច។
៣៖ ការចូលរួមចំណែកកាត់បន្ថយ
មនុស្សម្នាក់ៗអាចជួយបានដោយសន្សំថាមពល ប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ កាត់បន្ថយកាកសំណល់ និងគាំទ្រថាមពលកកើតឡើងវិញ ដូចជា ថាមពលព្រះអាទិត្យ និងខ្យល់។ រដ្ឋាភិបាល និងឧស្សាហកម្មក៏មានតួនាទីសំខាន់ក្នុងការអនុវត្តបច្ចេកវិទ្យាស្អាត និងគោលនយោបាយដែលកំណត់ការបញ្ចេញឧស្ម័ន។
សេចក្ដីសន្និដ្ឋាន
ដានកាបូន (Carbon Footprint) គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីឥទ្ធិពលរបស់យើងទៅលើភពផែនដី។ ការជ្រើសរើសរបៀបរស់នៅប្រកបដោយចីរភាព និងការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាននៅថ្ងៃនេះ គឺជាការធានានូវសុវត្ថិភាពសម្រាប់ផែនដី និងមនុស្សជាតិជំនាន់ក្រោយ៕






