អគារសិក្សាថ្មី និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាត្រពាំងផ្តៀក ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

08-03-2026 10:45

(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុ ប្រធានទី២នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញសម្ពោធអគារសិក្សា១ខ្នង មាន៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងផ្តៀក ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះថា ជុំវិញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងអាណត្តិទី៧នេះ តែងតែចាត់ទុកការសិក្សាអប់រំជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ក្នុងន័យនេះរាជរដ្ឋាភិបាលបានស្តារ និងពង្រឹងវិស័យ អប់រំជាបន្តបន្ទាប់ តាមរយៈការពង្រឹងទាំងគុណភាពសិក្សា និងការកសាងអគារសិក្សានៅទូទាំងប្រទេស។ ដោយឡែកនៅខេត្តកំពង់ធំលោក ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ តែងតែខិតខំប្រឹង ប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ធំ ជាពិសេសបាន បន្សល់ទុកនូវអគារសិក្សា និងសមិទ្ធផល នានាជាច្រើន ទាំងនៅបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។

លោកស្រីបណ្ឌិតបានបន្តថា ជុំវិញវិស័យអប់រំនេះសាលាបឋមសិក្សាត្រពាំងផ្តៀក គឺជាថ្នាលសិក្សាគ្រឹះមួយដ៏សំខាន់ ដែលបាន ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា តាមរយៈការពង្រឹងការបណ្តុះបណ្តាលដល់ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នង ឬស្សីជំនាន់ក្រោយប្រកបដោយគុណភាព។ បញ្ហានេះយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ ពិតជាមានចិត្តសប្បាយរីករាយ ដែលបានចូលរួមវិភាគទាន ក្នុងដំណើរការពង្រឹងវិស័យអប់រំនៅកម្ពុជា ដែលជាបុព្វហេតុកសាង ធនធានមនុស្សប្រកបដោយចំណេះដឹងគ្រប់គ្រាន់ ដែលអាចចូលរួមចំណែក ក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ច កោណរបស់រាជរដ្ឋាភិបាល។

ការពង្រឹងការបណ្តុះបណ្តាលដល់ក្មួយៗសិស្សានុសិស្ស គឺជាកម្លាំងបន្ដវេន និងធនធានមនុស្សប្រកប ដោយសក្ដានុពល នឹងនាំឱ្យប្រទេសជាតិកាន់តែរីកចម្រើន និងមានការអភិវឌ្ឍជាលំដាប់។ ជាក់ស្តែងក្រៅពីអគារសិក្សា១ខ្នងមាន៥បន្ទប់នេះ សមិទ្ធផលនានាដូចជាក្លោងទ្វារសាលា ការជួសជុលអគារសិក្សា ការសាងសង់ផ្ទះបាយ និងការចាក់ដីបន្ថែម ដើម្បីផ្ដល់ ជូននូវទីតាំងកន្លែងសិក្សា និងបរិស្ថានល្អប្រសើរ និងកាន់តែទាក់ទាញក្មួយៗឱ្យខិតខំសិក្សារៀនសូត្រផងដែរ។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជន និងកីឡា លោកនាយក លោកគ្រូអ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាងអគារសិក្សានេះឡើង សម្រាប់បម្រើវិស័យអប់រំ និងសម្រួលដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់គ្នាក្នុងដំណើរឆ្ពោះទៅ សម្រេចនូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា៕