សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតជូនពរ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

08-03-2026 12:40

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បា​នផ្ញើសារជូនពរ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖

នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លានៃទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោម
ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ទូលព្រះបង្គំ សូមសម្ដែងនូវសេចក្តីសោមនស្សសប្បាយរីករាយប្រកបដោយមនោសញ្ចេតនាកក់ក្តៅបំផុត និងសូមថ្វាយនូវព្រះសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខថ្វាយ សម្តេច និងព្រះញាតិវង្ស។

សម្តេចរាជបុត្រីព្រះអនុជ បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ យកព្រះទ័យទុកដាក់បំពេញព្រះតួនាទី ដោយស្វាមីភក្តិដង្ហែ សម្តេចព្រះមហាក្សត្រី សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បំពេញព្រះរាជកិច្ច ដែលបានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការលុបបំបាត់នូវឧបសគ្គ ការរើសអើង និងផ្នត់គំនិតមួយចំនួនដែលប៉ះពាល់ដល់សិទ្ធិស្ត្រី និងក្មេងស្រី ដែលជាចំណែកដ៏សកម្មរបស់ស្ត្រីក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាពសង្គមនិងវិបុលភាព។

នាឱកាសដ៏ឧត្ដុង្គឧត្តមនេះ សូម សម្តេចរាជបុត្រីព្រះអនុជ និងព្រះញាតិវង្ស សូមជួបប្រទះតែវិបុលសុខគ្រប់ប្រការ និងសមប្រកបតែនឹងពុទ្ធពរនិងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕