សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតជូនពរ លោកជំទាវ សាយ សំអាត ធន់វឌ្ឍនា ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦
08-03-2026 13:46
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្ញើសារជូនពរ លោកជំទាវ សាយ សំអាត ធន់វឌ្ឍនា អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖
លោកជំទាវ ជាទីរាប់អានដ៏ជ្រាលជ្រៅ!
នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លា នៃទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សសប្បាយរីករាយប្រកបដោយមនោសញ្ចេតនាកក់ក្តៅបំផុត និងសូមជូននូវសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូន លោកជំទាវ និងក្រុមគ្រួសារ។
ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះ លោកជំទាវ ដែលបានធ្វើការលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា ដើម្បីជាប្រយោជន៍រួមសម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ សំដៅរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ជាពិសេស លោកជំទាវ តែងតែគាំទ្រ និងលើកទឹកចិត្តដល់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បំពេញបេសកកម្មការងារដ៏ឧត្ដុង្គឧត្តម ក្នុងបុព្វហេតុ ជាតិ សាសនា និង ព្រះមហាក្សត្រ រួមទាំងការលើកកម្ពស់តួនាទីស្ត្រី និងក្មេងស្រី ក្នុងការចូលរួមកសាង ការពារ និងថែរក្សាសន្តិភាព ព្រមទាំងការជួយជនភៀសសឹក រួមទាំងក្រុមគ្រួសារក្នុងពេលមានសង្គ្រាម និងការស្ដារឡើងវិញក្រោយសង្គ្រាម។
នាឱកាសដ៏ឧត្ដុង្គឧត្តមនេះ សូម លោកជំទាវ និង ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ព្រមទាំងក្រុមគ្រួសារ សូមជួបតែវិបុលសុខគ្រប់ប្រការ និងសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕





