សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតជូនពរ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

08-03-2026 13:48

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បា​នផ្ញើសារជូនពរ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖

លោកជំទាវកិត្តិបណ្ឌិត ជាទីរាប់អានដ៏ជ្រាលជ្រៅ!

នៅក្នុងឱកាសដ៏មហាបវរថ្លៃថ្លានៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិ នារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ខ្ញុំសូមសម្ដែងនូវសេចក្តី សោមនស្សប្រកបដោយភាពកក់ក្តៅ និងជូនសព្ទសាធុការពរជូនចំពោះ លោកជំទាវកិត្តិបណ្ឌិត។

ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះ លោកជំទាវកិត្តិបណ្ឌិត ដែលជា មគ្គុទ្ទេសិកាដ៏ឆ្នើមមួយរូប បានដឹកនាំក្រសួងកិច្ចការនារី និងអនុវត្តគោលនយោបាយគាំទ្រស្ត្រីកម្ពុជា ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ទទួលបានសមិទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការពង្រឹងសមត្ថភាពស្ត្រី និងជាថ្នាលបណ្តុះបណ្តាលដើម្បីទទួលបានចំណេះដឹង និងចំណេះអនុវត្ត ដ៏ឆ្លាតវ័យសម្រាប់ភាពជាអ្នកដឹកនាំរបស់ស្ត្រី។

ការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទី និងគិតគូរ ខ្ពស់ចំពោះសុខទុក្ខក្មេងស្រី និងស្ត្រី គឺសំដៅបង្ហាញពីសារៈសំខាន់ និងតម្លៃដែលមិនបានត្រូវបានមើល រំលងនៃក្មេងស្រី និងស្ត្រី ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

នាឱកាសដ៏ឧដុង្គឧត្តមនេះ ខ្ញុំសូមជូនពរជ័យសិរីមង្គលគ្រប់ប្រការជូន លោកជំទាវកិត្តិបណ្ឌិត និងសមាជិកគ្រួសារ និងសូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវកិត្តិបណ្ឌិត ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕