សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំពិធីអបអរសាទរ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
08-03-2026 14:17
(ព្រះវិហារ)៖ លោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ»។
ពិធីនេះត្រូវបានរៀបចំឡើងនៅ មណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (ហៅវត្តបាក់កាំ) ស្ថិតនៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះលោក គីម រិទ្ធី បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។ លោកក៏បានគូសបញ្ជាក់ពីការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត របស់ប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុខភាព និងសុខុមាលភាព ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ច យ៉ាងរឹងមាំដោយស្មារតីសាមគ្គីភាព និងជួយដល់ការលើកកម្ពស់សុខភាពមាតា និងទារក ឱ្យកាន់តែប្រសើរឡើង។
លោក គីម រិទ្ធី បានថ្លែងថា៖ការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ គឺជាកត្តាសំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្ស និងការកសាងសង្គមមានសុខុមាលភាព។លោកក៏បានថ្លែងជំរុញឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាពជាប្រចាំនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធានាសុវត្ថិភាពទាំងម្តាយ និងទារកមុន និងក្រោយពេលសម្រាល។
ដោយឡែកលោកស្រី សុខា គងពិសី ក៏បានអានសារសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ រួមគ្នាលើកកម្តស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ។
លោកស្រី សុខា គងពិសី ក៏បានថ្លែងលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះ និងមាតាបិតាទាំងអស់ ឱ្យយកចិត្តទុកដាក់លើអនាម័យ អាហារូបត្ថម្ភ និងការថែទាំសុខភាពកុមារ ដើម្បីធានាថាកុមារលូតលាស់បានល្អ មានសុខភាពរឹងមាំ និងបញ្ញាច្បាស់លាស់។ កម្មវិធីនេះក៏មានការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការថែទាំសុខភាពស្ត្រីមានផ្ទៃពោះ ការទទួលសេវាពិនិត្យផ្ទៃពោះមុនសម្រាល ការចាក់វ៉ាក់សាំង ការថែទាំទារក និងកុមារ ព្រមទាំងការពារហានិភ័យផ្សេងៗដែលអាចប៉ះពាល់ដល់សុខភាពមាតា និងទារក។
សម្ភារដែលបានផ្តល់ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនក្នុង ១នាក់ទទួលបាន ឃីត១កញ្ចប់ (សាប៊ូម្សៅ២កញ្ចប់ សារុង២ ក្រមា២ សាប៊ូដុសខ្លួន២ដុំ សំឡីអនាម័យ ៤កញ្ចប់) និងថវិកាចំនួន ៥០,០០០រៀល។
ក្នុងនោះដែរលោកស្រី សុខា គងពិសី បានឧបត្ថម្ភបន្ថែមនូវ ម្សៅទឹកដោះគោ២កំប៉ុង ទឹកសុទ្ធអារ៉ូណា(១.៥លីត្រ) ២ដប ខោទឹកនោម១ដុំ ដបទឹកដោះគោ៤ដប។ ស្រ្តីក្នុងវ័យបន្តពូជទទួលបាន ឃីត ១កញ្ចប់ សាប៊ូម្សៅ១កញ្ចប់ សំឡីអនាម័យ១កញ្ចប់ សាប៊ូកក់សក់១ ដុសខ្លួន១ ថ្នាំដុសធ្មេញ១ ច្រាស់ដុសធ្មេញ១ កន្សែង១ ក្រដាសបន្ទប់ទឹក២ដុំ ថវិកា ៥០.០០០រៀលផងដែរ៕






















