រដ្ឋមន្ត្រី ហួត ហាក់៖ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ស្ទឹងត្រែង ដើរតួនាទីសំខាន់ក្នុងការណែនាំភ្ញៀវទេសចរ
08-03-2026 15:59
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង ដែលមជ្ឈមណ្ឌលនេះមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានអំពីតំបន់ទេសចរណ៍ដ៏មានសក្តានុពល នុងសម្បូរបែបនៅក្នុងខេត្ត ព្រមទាំងការតាំងបង្ហាញផែនទី ទស្សនាវដ្តីទេសចរណ៍ និងឯកសារព័ត៌មានផ្សេងៗ ដែលជួយឱ្យភ្ញៀវទេសចរទទួលបានចំណេះដឹងបន្ថែមអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តស្ទឹងត្រែង។
លោក ហួត ហាក់ បានលើកឡើងថា ការផ្តល់ព័ត៌មានជាក់លាក់ និងសេវាកម្មយ៉ាងអំណោយផលនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកាន់តែច្រើន។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំមួយចំនួនត្រូវធ្វើយ៉ាងណាឱ្យមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ស្របតាមលក្ខណៈស្តង់ដាជាមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា ដោយផ្តោតលើការរៀបចំ និងគ្រប់គ្រងទីតាំងអាគារ ការគ្រប់គ្រងបរិស្ថាន និងអនាម័យ ការគ្រប់គ្រងការផ្តល់ព័ត៌មានទេសចរណ៍ ការពង្រឹងគុណភាពសេវាកម្ម និងផលិតផល ការពង្រឹងការងារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវ និងការប្រើប្រាស់ផលិតផលក្នុងស្រុក៕
















