សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យាងជាព្រះរាជអធិបតីភាពក្នុងពិធីសម្ពោធអគារសិក្សាថ្មី និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាបង្ហើរខ្លែង
08-03-2026 16:11
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បួរ គ្រី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការ នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ ខ្នង មាន ៥ បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាបង្ហើរខ្លែង ស្ថិតនៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ពិធីនេះ មានការអញ្ជើញចូលរួមពី ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងព្រីង តំណាងដ៏ខ្ពង់ខ្ពស់ ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំង គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងព្រះមន្ត្រីសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសប្បុរសជនជាច្រើនរូប។
ក្នុងឱកាសនោះ លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានឡើងថ្លែងរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការអភិវឌ្ឍនៅស្រុកតំបែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាល និងសប្បុរសជន ដែលបានចូលរួមបរិច្ចាគថវិកាសាងសង់អគារសិក្សាថ្មីមួយខ្នងនេះ។
អគារសិក្សាថ្មីនេះ មានចំនួន ៥ បន្ទប់ ដោយចំណាយថវិកាប្រមាណ ៩៤,៥៥០ ដុល្លារអាមេរិក សម្រាប់បម្រើដល់ការសិក្សារបស់សិស្សានុសិស្ស នៅសាលាបឋមសិក្សាបង្ហើរខ្លែង។
ក្នុងឱកាសនោះដែរ លោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងព្រីង ដែលបានចូលរួមជំរុញការអភិវឌ្ឍនៅមូលដ្ឋាន ជាពិសេសវិស័យអប់រំ ដែលជាវិស័យអាទិភាពសម្រាប់ការកសាងធនធានមនុស្ស។
ក្នុងព្រះរាជបន្ទូល សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់បានមានព្រះបន្ទូលថា ការកសាងសាលារៀន គឺជាការវិនិយោគដ៏មានតម្លៃខ្ពស់សម្រាប់សង្គមជាតិ ព្រោះជាកន្លែងបណ្តុះបណ្តាលកុមារា កុមារី ឲ្យក្លាយជាគ្រាប់ពូជធនធានមនុស្សដែលមានគុណភាព និងជាសសរទ្រូងសម្រាប់អភិវឌ្ឍជាតិមាតុភូមិ។
សម្តេចព្រះមហាសង្ឃរាជ ក៏បានមានព្រះបន្ទូលបញ្ជាក់ថា សមិទ្ធផលអគារសិក្សាថ្មីនេះ គឺជាផ្លែផ្កានៃកិច្ចសហការរបស់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របតាមយុទ្ធសាស្ត្រ «បញ្ចកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ ហ៊ុន ម៉ាណែត និង ហ៊ុន សែន។
ក្នុងឱកាសនោះ សម្តេចព្រះមហាសង្ឃរាជ ក៏បានប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ជូនដល់សប្បុរសជន និងថ្នាក់ដឹកនាំ ដែលបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា។
ជាមួយគ្នានេះ សម្តេចព្រះមហាសង្ឃរាជ បានប្រទានព្រះរាជអំណោយដល់សិស្សានុសិស្ស រួមមាន សៀវភៅ ១,៣៣៦ ក្បាល បន្ទាត់ ១,៣៣៦ ដើម ប៊ិច ១,៣៣៦ ដើម និងថវិកាម្នាក់ ២,០០០ រៀល។ ប្រជាពលរដ្ឋទទួលបានសារ៉ុង ១ និងថវិកា ៥,០០០ រៀល។
ដោយឡែក កងកម្លាំង ៤៧ នាក់ និងប្រជាការពារ ១៨ នាក់ ទទួលបានថវិកាម្នាក់ ២០,០០០ រៀល ខណៈលោកគ្រូ អ្នកគ្រូ ២៧ នាក់ ទទួលបានថវិកាម្នាក់ ៥០,០០០ រៀល។ សរុបថវិកាប្រមាណជាង ១១ លានរៀល។
ក្រៅពីនេះ សប្បុរសជន លោក សុខ សារិទ្ធ និង មហាឧបាសិកា សុខ ណៃ ក៏បានចូលរួមឧបត្ថម្ភថវិកា ១៥,០០០ ដុល្លារអាមេរិក សម្រាប់សាងសង់សាលាឆាន់ ក្នុងវត្តត្រពាំងព្រីងផងដែរ៕






















































