ក្រុមសេនាតេជោសន្តិភាព នាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន៥,០០០កេស ជូនវីរកងទ័ពនៅទិសព្រះវិហារ
08-03-2026 17:07
(ព្រះវិហារ)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦នេះ បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន៥,០០០កេស ជូនដល់វីរកងទ័ព ដែលទិសព្រះវិហារ។
ការចែកនេះ មានការចូលរួមពីលោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋាន ប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់។
លោកបានមើលឃើញថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់បំផុតដល់វីរកងកម្លាំងកម្ពុជា តាមរយៈការចាត់ជំនួយការយក ទឹកសុទ្ធចែកជូននាពេលនេះ។
ក្នុងឱកាសនោះលោក កែវ ផុង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលលោកតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់វីរកងទ័ពទាំងអស់ កំពុងឈរជើងជួរមុខ។
លោក កែវ ផុង បានសម្តែងការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរកងទ័ពនូវវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោក កែវ ផុង ក៏បានជូនពរឱ្យវីរកងទ័ពទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង៕



















