អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើកិច្ចពិធីបុកល័ក្ដមានតួសម្ដែងកំប្លុកកំប្លែងជាខ្មែរឥស្លាម ជាការសំយោគសាសនាឥស្លាមឬយ៉ាងណា?

08-03-2026 17:10

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ មានកិច្ចពិធីបុកល័ក្ត ដែលមានអ្នកសម្តែងពីរនាក់ស្រីប្រុសស្លៀកពាក់តុបតែងខ្លួន បែបបងប្អូនខ្មែរឥស្លាម ​និងរបៀបនិយាយស្តីរបស់បងប្អូនខ្មែរឥស្លាម ដោយពួកគេដើរតួជាអ្នកលក់ល័ក្តមកពីឆ្ងាយ ធ្វើជាតួអង្គសម្តែងកំប្លុកកំប្លែង រាំរែក និងបង្អាប់បង្អោនគ្នា ឬសួរដេញដោល ដើម្បីឲ្យភ្ញៀវសើចសប្បាយមុននឹងអនុញ្ញាតឲ្យចូលក្នុងរោងជ័យ។

នោះគឺមិនជាប់ពាក់ព័ន្ធអ្វីទៅនឹងពិធីសាសនាឥស្លាមនៃព្រះអល់ឡោះឡើយ តែមានអត្ថន័យនិងជាការឆ្លុះបញ្ចាំងដល់ប្រពៃណីពាណិជ្ជកម្ម មុខរបរជំនួញរកស៊ីខ្មែរនិងចាម នាសម័យបុរាណតែប៉ុណ្ណោះ។ ដោយហេតុថា​ កាលពីសម័យដើម បងប្អូនខ្មែរឥស្លាមល្បីខាងជំនួញជួញដូរតាមទូក និងមានលក់វត្ថុធាតុដើមសម្រាប់ជ្រលក់ល័ក្តពណ៌យ៉ាងល្អប្រណិត បច្ចុប្បន្នហៅថា «សាកលភាវូបនីយកម្ម Globalization» ជាដំណើរការនៃការផ្សារភ្ជាប់គ្នារវាងបណ្តាប្រទេសនានាជុំវិញពិភពលោក ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងបច្ចេកវិទ្យា។

បើពោលឲ្យចំ ចំពោះពិធីបុកល័ក្ត ដែលមានតួអង្គសម្ដែងសន្មត់ជាបងប្អូនខ្មែរឥស្លាម គឺជាការសំយោគប្រពៃណីពាណិជ្ជកម្មរវាងខ្មែរនិងចាម ពីសម័យបុរាណដើម្បីបង្កើតឲ្យមានទំនាក់ទំនងពាណិជ្ជកម្មនិងពង្រឹងស្មារតីសាមគ្គីភាពរវាងជាតិសាសន៍ ភាពសុខមដុរមនាក្នុងសង្គម និងបង្កើតភាពសប្បាយរីករាយ គឺពុំមែនជាការសំយោគសាសនាឥស្លាមព្រះអាល់ទ្បោះ របស់អ្នកកាន់សាសនាឥស្លាមនានាប្រទេសលើពិភពលោកឡើយ ព្រោះប្រពៃណីខុសពីសាសនា។

លោក រ័ត្ន សណ្តាប់ បន្ដថា ជាទូទៅពិធីអាពាហ៍ពិពាហ៍ខ្មែរ បើនិយាយពីរាល់កិច្ចពិធីនីមួយៗ គឺសុទ្ធតែជាកិច្ចពិធីមង្គលទាំងអស់ដើម្បីផ្ដល់នូវសិរីសួស្តី ដល់គូស្វាមីភរិយា។ ដូច្នេះក្នុងកិច្ចពិធីធ្វើធ្មេញបំពេញលក្ខណ៍ ដើម្បីឲ្យកូនស្រី ក្លាយជាស្រ្ដីគ្រប់លក្ខណ៍មានសម្បត្តិល្អ និងកូនប្រុសជាបុរសគ្រប់លក្ខណ៍មានប្រាជ្ញាស្មារតីល្អ ដើម្បីឲ្យជីវិតជាគូ រស់នៅចេះធ្វើពាណិជ្ជកម្ម ជំនួញជួញដូរ រកស៊ីដើម្បីទ្រទ្រង់ជីវភាពដល់សង្គមគ្រួសារ និងសង្គមជាតិ ចេះដឹងខុសត្រូវ មានចិត្តគំនិតស្អាតស្អំស្មោះត្រង់ និងមានកិរិយាមាយាទល្អ ដើម្បីជាគម្រូដល់កូនចៅជំនាន់ក្រោយៗ ដ៏ប្រពៃថ្លៃថ្លា៕