រដ្ឋមន្រ្តី កែវ រតនៈ៖ បើទោះបីសង្គ្រាមនៅមជ្ឈិមបូព៌ា តែកម្ពុជាមិនទាន់មានស្ថានភាពខ្វះប្រេងបម្រុងនោះទេ, ប្រេងបម្រុងរបស់កម្ពុជាអាចឈរជើងបាន២១ថ្ងៃ (Video inside)

08-03-2026 17:32

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថា បើទោះបីសង្គ្រាមនៅមជ្ឈឹមបូព៌ា, យើងមិនទាន់មានស្ថានភាពខ្វះប្រេងបម្រុងនោះទេ សន្និធិបម្រុងរបស់យើងអាចឈរជើងបាន២១ថ្ងៃ មានន័យថា បើក្រុមហ៊ុនប្រេងមិនអាចនាំចូលប្រេងពីពិភពលោកបាន គឺយើងអាចឈរជើងបាន២១ថ្ងៃ។

លោកថ្លែងបែបនេះក្រោយពី ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេងខ្នាតយក្ស និងពាណិជ្ជករជាច្រើនបានផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន ក្រោយអ៉ីរ៉ង់ប្រកាសបិទនាវាចរណ៍ទាំងស្រុង ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល។ ប្រមាណ ២០ភាគរយនៃប្រេងពិភពលោក រួមទាំងការផលិតពីអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អ៉ីរ៉ាក់ គុយវ៉ែត និងអ៉ីរ៉ង់ រួមទាំងឧស្ម័ន LNG ចំនួនច្រើនសន្ធឹកសន្ធាប់ពីប្រទេសកាតា សុទ្ធតែត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់មួយនេះ។

សូមជម្រាបថា នៅឆ្នាំ២០២៥ ប្រេងឆៅប្រហែល ១៣,៤ លានបារ៉ែលក្នុងមួយថ្ងៃបានឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលស្មើនឹងប្រហែល ៣០% នៃពាណិជ្ជកម្មប្រេងសមុទ្រសកល៕

ខាងក្រោមនេះ ជាវិដេអូ៖