មន្ត្រីជាន់ខ្ពស់សុខាភិបាល ណែនាំដល់និស្សិតពេទ្យទាំងអស់ត្រូវកសាងខ្លួនក្លាយជាគ្រូពេទ្យដែលល្អ មានចំណេះជំនាញ បច្ចេកទេស ក្រមសីលធម៌ វិជ្ជាជីវៈល្អ ដើម្បីបម្រើសេវាឱ្យមានប្រសិទ្ធភាព ជាទីទុកចិត្តរបស់ពលរដ្ឋ

08-03-2026 17:42

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានថ្លែងថា គ្រូពេទ្យ វេជ្ជបណ្ឌិត ដែលជាអ្នកវិជ្ជាជីវៈ កំពុងបំពេញការងារជាគ្រូពេទ្យទាំងអស់ ត្រូវតែមានការគោរពច្បាប់ស្តីពីអ្នកប្រកបវិជ្ជាជីវៈ ជាពិសេសការអនុវត្តនូវគោលការណ៍ក្រមសីលធម៌ វិជ្ជាជីវៈដែលមាន៤ចំណុចជាគោល រួមផ្សំជាមួយក្តីមេត្តា ករុណា ការយល់ចិត្តអ្នកជំងឺ ភាពស្មោះត្រង់ សុចរិកភាព ហើយនឹងទំនួលខុសត្រូវ ដោយទាំងអស់នេះជាអ្វីដែលអ្នកមានវិជ្ជាជីវ:ខ្ពស់ត្រូវធ្វើ។

សម្រាប់និស្សិតដែលជិតបញ្ចប់ការសិក្សា គឺមិនទាន់ក្លាយទៅជាអ្នកវិជ្ជាជីវៈ ឬឯករាជ្យភាពក្នុងការបម្រើសេវា ឬការសម្រេចចិត្ត ដោយខ្លួនឯងទេ ដូចនេះពេលដែលពួកគាត់ចុះអនុវត្តការងារនៅក្នុងមន្ទីរពេទ្យ គឺត្រូវស្ថិតក្រោមការត្រួតពិនិត្យគ្រូបង្គោលនៅតាមមន្ទីរពេទ្យនោះ។

«ដូច្នេះការផ្សព្វផ្សាយនេះ គឺជាគ្រឹះមួយដើម្បីចាប់ផ្តើមរំលឹកដល់និសិត្សជំនាន់ក្រោយខិតខំកសាងខ្លួនក្លាយជាគ្រូពេទ្យដែលល្អ មានចំណេះជំនាញ បច្ចេកទេស ក្រមសីលធម៌ វិជ្ជាជីវៈល្អ ដើម្បីផ្តល់សេវាឱ្យមានប្រសិទ្ធភាព ទាក់ទាញទំនុកចិត្តពីប្រជាពលរដ្ឋទូទាំងប្រទេស»។

ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសបានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ «ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជា និងក្រមសីលធម៌គ្រូពេទ្យ» ដែលរៀបចំឡើងនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីនិស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ត គណៈគ្រប់គ្រងមហាវិទ្យាល័យវេជ្ជសាស្រ្ត ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អញ្ជើញដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom សរុបជាង ១ពាន់នាក់។

លោកសាស្ត្រាចារ្យបានបន្តថា «ដូច្នេះជាគោលការណ៍រួម យើងផ្សព្វផ្សាយចំពោះគ្រូពេទ្យដែលបំពេញការងារត្រូវស្ថិតនៅក្នុងលំនាំខាងលើ ហើយយើងក៏មានការផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ ជាពិសេសនិសិត្សអន្តេវាសិក វេជ្ជសាស្រ្ត និងនិសិត្សឯកទេសទាំងអស់ ក៏ត្រូវគោរពគោលការណ៍ទាំងក្នុងពេលសិក្សា និងជិតដល់ពេលចេញបំពេញការងារ ក៏ត្រូវតែខិតខំស្វែងយល់ ហើយតម្រង់ទិសដើម្បីក្លាយជាគ្រូពេទ្យដែលសមប្រកប ថ្លៃថ្នូរ ដោយត្រូវយកអ្នកជំងឺជាធំ»

ជាមួយគ្នានោះលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានសម្តែងនូវគារវកិច្ច និងគោរពថ្លែងអំណរគុណចំពោះការផ្តល់វត្តមានរបស់គណៈអធិបតី និងបានរាយការណ៍ជាសង្ខេបអំពីវឌ្ឍនភាពនៃកម្មវិធីបណ្តុះបណ្តាល មុខវិជ្ជាក្រមសីលធម៌វិជ្ជាជីវៈជូននិស្សិតផងដែរ៕